ក្រុមហ៊ុនជប៉ុនធំមួយគ្រោងបោះទុន៤៥លានដុល្លារ បង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព៥០មេហ្គាវ៉ាត់

0

ដោយ៖ សហការី

ភ្នំពេញ៖ ក្រុមហ៊ុន Minebea របស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគចំនួន៤៥លានដុល្លារអាមេរិក ក្នុងការបង្កើតថាមពលកកើតឡើងវិញ ក្នុងអនុភាព៥០មេហ្គាវ៉ាត់ ដោយប្រើពន្លឺព្រះអាទិត្យ សម្រាប់គាំទ្រដល់ការវិនិយោគ និងគម្រោងអភិវឌ្ឍន៍លើវិស័យផ្សេងៗរបស់ខ្លួននៅកម្ពុជា និងការផ្តល់ជូនទៅអគ្គិសនីកម្ពុជា សម្រាប់ធ្វើការចែកចាយ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី នាយកគ្រប់គ្រងក្រុមហ៊ុន Minebea (Cambodia) Co., LTD. បានលើកឡើងថា ក្រុមហ៊ុន Minebea ងាកទៅប្រើប្រាស់ថាមពលកកើតឡើងវិញ ដោយសារក្រុមហ៊ុនដែលជាដៃគូ ដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុនToyota ជាដើម គិតគូរដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

 

លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី បានបញ្ជាក់ថា ក្រុមហ៊ុនមានលទ្ធភាព ក្នុងការបង្កើតនូវថាមពលកកើតឡើងវិញ ដោយថាមពលពន្លឺព្រះអាទិត្យ ដែលតម្រូវឲ្យមានទីតាំងមួយសម្រាប់ការដាក់ Sola Panel នេះ និងការបង្កើត Sola Farm មួយ ក្នុងគម្រោងបង្កើតថាមពលកម្រិត៥០មេហ្កាវ៉ាត់ ដែលប្រើប្រាស់ទុនវិនិយោគប្រមាណ៤៥លានដុល្លារអាមេរិក។

 

ជាការឆ្លើយតបលោក ស៊ុយ សែម បានថ្លែងនូវការកោតសរសើរ និងការអភិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុន Minebea ដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី បានចាត់ទុក ក្រុមហ៊ុន Minebea ជាកូនដែលសម្តេចតេជោ បានបង្កើតឡើង។ ទាក់ទងគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដោយប្រើពន្លឺព្រះអាទិត្យ លោកប្រកាសនូវការគាំទ្រជានិច្ច ឲ្យតែក្រុមហ៊ុន Minebea អនុវត្តតាមគោលការណ៍ច្បាប់បានត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here