ដោយ៖ សុផារី
ភ្នំពេញ៖ ប្រភេទ និងទីតាំងដីធ្លីខុសគ្នាមានភាពសក្តិសមចំពោះគម្រោងខុសៗផងដែរ។ បច្ចុប្បន្ននេះ តំបន់ជាយក្រុងទទួលបានការទិញលក់យ៉ាងច្រើន ដែលក្រៅពីការទិញលក់សម្រាប់ចំណេញហើយ ដីធ្លីទាំងនោះក៏ត្រូវបានប្រើប្រាស់សម្រាប់គម្រោងពាណិជ្ជកម្ម លំនៅឋាន និងឧស្សាហកម្ម ខុសៗគ្នាតាមទីតាំង។
លោក ង៉ែត ជូ ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុនិងវិនិយោគ បានចែករំលែកទស្សន សម្រាប់ការវិនិយោគ ដើម្បីស្របនឹងការវិវត្តិរបស់ទីផ្សារអនាគត និងចំណេញខ្ពស់ ដោយលោកបានលើកឡើងថា សម្រាប់សកម្មភាពពាណិជ្ជកម្ម ដីដែលអ្នកវិនិយោគគួរស្ថិតនៅជាយក្រុង ឬនៅជុំវិញក្រុង ត្រឹមចម្ងាយ៣០-៦០គីឡូម៉ែត្រពីកណ្តាលក្រុង និងមានក្បាលដីជាប់ផ្លូវធំឬគម្រោងផ្លូវធំ (យ៉ាងតិចទំហំ៣០ម៉ែត្រ)។ ជាទូទៅដីប្រភេទនេះ បើបានក្បាលដីកាន់តែធំកាន់តែប្រសើរដូចជាចាប់ពីទំហំ៤០-៥០ម៉ែត្រឡើង ប៉ុន្តែជំរៅដីគួរតែត្រឹម៤០-៥០ម៉ែត្របានហើយ។
លោកបានបន្តថា “ដីប្រភេទនេះជាដីលំដាប់លេខ១ ដោយហេតុថា មានតម្រូវការខ្ពស់ និងអាចបំពេញអោយតម្រូវការជាទីតាំងធ្វើពាណិជ្ជកម្មនាពេលអនាគតដូចជាភោជនីដ្ឋាន ហាងកាហ្វេ យានដ្ឋានជួសជុលរថយន្ត កន្លែងដាក់តាំងលក់ផលិតផល (showroom) ហាងទំនិញជាដើម”។
លោកបន្តថា “ដីប្រភេទនេះមិនត្រឹមតែមានតម្រូវការខ្ពស់នោះទេ ផ្ទុយទៅវិញមានការផ្គត់ផ្គង់ទាបបំផុត បើប្រៀបធៀបទីតាំងសំរាប់ការសាងសង់ជាលំនៅដ្ឋាន។ ម្យ៉ាង ទីតាំងសំរាប់សាងសង់លំនៅដ្ឋានអាចសាងសង់ទៅលើច្រើនជាន់បាន ដែលខុសពីទីតាំងសំរាប់ធ្វើពាណិជ្ជកម្ម ដែលភាគច្រើន គឺសង់ផ្ទាល់ដីដោយមិនមានច្រើនជាន់នោះទេ”។
បើយោងតាមអ្នកជំនាញរូបនេះ ដីសំរាប់អភិវឌ្ឍន៍លំនៅដ្ឋាននៅជាយក្រុង ចន្លោះពី៣០-៦០គមពីកណ្តាលក្រុងភ្នំពេញ គួរជាប់ផ្លូវទំហំយ៉ាងតិច១០ម៉ែត្រ និងមានទំហំយ៉ាងតិចចាប់ពី៣ហិកតាឡើង។ ប្រសិនបើទំហំតូចជាងនេះ នោះនឹងមានការលំបាកក្នុងការអភិវឌ្ឍជាលំនៅដ្ឋាន រីឯទីផ្សារពុះដីឡូតិ៍នឹងត្រូវបាត់បង់នាពេលអនាគត។ ដូច្នេះហើយ ប្រសិនបើអ្នកខ្វះទុនវិនិយោគ អ្នកគួរចេះសហការជាមួយមិត្តភក្តិ និងអ្នកដទៃ។
ចំណែក ដីបម្រើឱ្យវិស័យស្សាហកម្ម ដែលជាប្រភេទដីសំរាប់សង់ជារោងចក្រ តំបន់ឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ច លោកថា គួរមានទំហំយ៉ាងតិច៥ហិកតា ប្រសិនបើជាតំបន់ឧស្សាហកម្ម គួរមានទំហំយ៉ាងតិចក៏៥០ហិកតាដែរ ហើយគួរមានចម្ងាយចន្លោះពី៤០គម ទៅ៨០គម ពីកណ្តាលក្រុងភ្នំពេញ ព្រោះងាយនឹងទទួលបានការកើនតម្លៃ នៅពេលក្រុងភ្នំពេញចេះតែត្រូវពង្រីកកាន់តែធំ នាពេលអនាគត។
លោកថា “ដីប្រភេទនេះត្រូវមានទីតាំងស្ថិតក្នុងតំបន់ ដែលមានបណ្តាញគមនាគមន៍ភ្ជាប់ទៅច្រកអន្តរជាតិ ឬកំពង់ផែសំខាន់ៗ រួមមាន ផ្លូវ៤១ ផ្លូវ៥១ ផ្លូវ៤៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ។ល។ ដីប្រភេទនេះអាចនឹងប្រែក្លាយជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្មក្នុងរយៈពេល២០-៣០ឆ្នាំខាងមុខ”៕