ឆ្នេរកំសាន្តប្រវែង២គីឡូម៉ែត្រនិងសួនកម្សាន្តសាធារណៈមួយនឹងលេចរូបរាងនៅក្នុងក្រុងកំពតនាពេលឆាប់ៗនេះ

0

ដោយ៖ សុផារី

 

កំពត៖ រដ្ឋបាលខេត្តកំពតគ្រោងស្ថាបនាឆ្នេរ និងសួនកម្សាន្តជាច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ខណៈខេត្តមួយនេះមិនទាន់មានឆ្នេរ សម្រាប់បម្រើដល់ការកម្សាន្ត របស់ភ្ញៀវទេសចរនៅឡើយ។

 

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ស្ថិតក្នុងទិសនិរតីនៃប្រទេសកម្ពុជា ដែលមានសក្តានុពលនិងធនធានដ៏សម្បូរបែប ប៉ុន្តែខេត្តជាប់មាត់សមុទ្រមួយនេះ នៅមិនទាន់មានឆ្នេរសម្រាប់ឱ្យភ្ញៀវទេសចរកម្សាន្តនៅឡើយនោះទេ ដូច្នេះហើយរដ្ឋបាលខេត្តបានរៀបចំផែនការស្ថាបនាជាឆ្នេរកម្សាន្តព្រែកកំពតមួយ ដែលមានប្រវែង២គីឡូម៉ែត្រឋិតនៅតំបន់កោះស្មៅ។

លោកឱ្យដឹងថា ដោយឡែកការស្ថាបនាសួនកម្សាន្តដ៏ប្រណិតមួយទៀត គឺនៅជាប់ព្រែកកំពត ដែលឋិតនៅចន្លោះស្ពានឥន្ទធនូ និងស្ពានថ្មីក្នុងក្រុងកំពត ដើម្បីស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អប្រសើរ។

 

លោកអភិបាលខេត្តបន្ថែមទៀតថា បន្ទាប់ពីរៀបចំសម្អាតមាត់ព្រែក និងការរុះរើសំណង់លើដីចំណី ព្រែករួច បច្ចុប្បន្ននេះក្រុមការងារកំពុងតែចាក់ខ្សាច់បំពេញជាបណ្តើរៗ ធ្វើយ៉ាងណាឱ្យការកសាងបានរួចរាល់ឆាប់រហ័ស ដើម្បីបម្រើវិស័យទេសចរណ៍។

លោកមានប្រសាសន៍ថា “ក្នុងនាមរដ្ឋបាលខេត្ដ ក្រុមប្រឹក្សាខេត្តរៀបចំឆ្នេរដ៏ស្អាតប្រណិត នៅក្នុងក្រុងកំពតនេះ២កន្លែង សម្រាប់ពុកម៉ែយើងកម្សាន្ត។ ចេញពីត្រង់កន្លែងស្ពានព្រំប្រទល់ជិតផ្ទះលោកស្នងការ ដល់ផែព្រះរាជជើងទឹក កន្លែងហ្នឹងខ្ញុំនឹងធ្វើឆ្នេរមួយឱ្យស្អាតប្រវែង២ពាន់ម៉ែត្រជូនពុកម៉ែបងប្អូនរាល់ពេលល្ងាចៗមកហាត់ប្រាណ”។

 

លោកបញ្ជាក់បន្ថែមថា “ទី២ចន្លោះស្ពានដែកនិងស្ពានថ្ម គឺខ្ញុំនឹងរៀបចំឱ្យស្អាតបំផុត សម្រាប់ឱ្យកូនក្មួយយើងកម្សាន្តទៀត សម្រាប់ស្រូបយកទេសចរក្រៅខេត្ត ទេសចរជាតិ និងអន្តរជាតិមកលេងខេត្តរបស់យើង ហើយកូនក្មួយបងប្អូនយើងដែលរកបានក្តាម បង្កង បង្គា យើងអាចលក់ដូរនៅតាមហាងអី ភ្ញៀវ ដែលមកកម្សាន្តនៅទីនេះនឹងមកទទួលទាន ដែលនឹងអាចជួយលើកស្ទួយកម្ពស់ជីវភាពរបស់យើងបាន”។

 

បើយោងតាមលោកអភិបាល គម្រោងស្ថាបនាឆ្នេរនឹងសួនកម្សាន្តនេះ មិនទាន់ដឹងថានឹងត្រូវចំណាយថវិកាចំនួនប៉ុន្មាននៅឡើយទេ ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅពេលណានោះដែរ ដោយរដ្ឋបាលខេត្តកំពុងសិក្សាពីការស្ថាបនានេះ ប៉ុន្តែសម្រាប់សួនកម្សាន្តនឹងបង្កើតឱ្យមានដូចជា សួនច្បារលម្អ នៅលើវិថីរង្វង់មូលបាញ់ទឹក សួនច្បារស្វាគមន៍ សួនផ្ការំដួល ផែសម្រាប់អ្នកដំណើរ ចំណតយានយន្ត កន្លែងដាក់ភ្ញៀវទេសចរ និងស្ពានសម្រាប់ចំណតទូក ដែលមានរូបរាងជាសណ្ឋានដូចឥន្ទធនូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here