ដោយ: លាងហួរ
ប៉េកាំង: ចំពេលមានភាពតានតឹងផ្នែកបច្ចេកវិទ្យាកាន់តែខ្លាំងឡើង រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ប្រធានាធិបតីចិន ស៊ី ជីនពីង បានផ្ញើសារគាំទ្រដល់វិស័យព័ត៌មានវិទ្យា IT បញ្ញាសិប្បនិមិត្ត (AI) និងវិស័យថាមពល ដោយកំណត់វិស័យទាំងនេះជាម៉ាស៊ីនថ្មី នៃកំណើនសេដ្ឋកិច្ច នាពេលអនាគត។
នៅក្នុងឯកសារមានកម្រាស់៧២ទំព័រ ដែលជាមូលដ្ឋានសម្រាប់សុន្ទរកថា របស់លោកស៊ី ជីនពីង ទៅកាន់សមាជបក្សលើកទី២០ កាលពីថ្ងៃអាទិត្យ លោកបាននិយាយថា ប្រទេសចិនត្រូវតែជំរុញការអភិវឌ្ឍរួមបញ្ចូលគ្នា នៃ “ឧស្សាហកម្មដែលកំពុងរីកចម្រើនជាយុទ្ធសាស្រ្ត” និងបង្កើតក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ច ដែលរួមបញ្ចូលផងដែរនូវជីវបច្ចេកវិទ្យា សម្ភារបរិក្ខារទំនើប និងផលិតផលបៃតង។
ដោយមិនបានរៀបរាប់លម្អិត អំពីគោលនយោបាយគាំទ្រជាក់លាក់នោះ លោកបានថ្លែងថា ប្រទេសចិននៅតែដើរលើផ្លូវ ដើម្បីលើកកម្ពស់ឧស្សាហូបនីយកម្ម ឱ្យក្លាយជាប្រទេសដ៏មានឥទ្ធិពលមួយ ក្នុងការផលិតទំនិញគុណភាពខ្ពស់ ការរុករកអវកាស ការដឹកជញ្ជូន អ៊ីនធឺណែត និងឌីជីថលនីយកម្ម។
សារគាំទ្រនេះបានកើតឡើង នៅពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការទប់ស្កាត់ការអភិវឌ្ឍបច្ចេកវិទ្យារបស់ប្រទេសចិន ដោយរដ្ឋបាលចូបៃដិនបានដាក់ចេញនូវបទប្បញ្ញត្តិថ្មី កាលពីដើមខែតុលានេះ ដើម្បីកំណត់ការចូលប្រើប្រាស់របស់ប្រទេសចិន ចំពោះបច្ចេកវិទ្យាបន្ទះឈីបកម្រិតខ្ពស់៕