លោកបណ្ឌិត គីម ហ៊ាងពន្យល់ពីសារៈសំខាន់នៃចំណះដឹងសេដ្ឋកិច្ចក្នុងការរកស៊ីអចលនទ្រព្យ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងពេលបច្ចុប្បន្ននេះ គេឃើញមានមនុស្សជាច្រើនដែលសាងទ្រព្យសម្បត្តិច្រើនក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែក៏មានមនុស្សជាច្រើនដែរដែលសាងទ្រព្យសម្បត្តិបានហើយក៏រក្សាទ្រព្យសម្បត្តិបានយូរនិងខ្លះទៀតក៏បាត់ទៅវិញក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា បាននិយាយថា មនុស្សដែលមិនចេះសេដ្ឋកិច្ច តែមានបានដោយសារតែឱកាស ឡើងលឿនប៉ុណ្ណាដួលទៅវិញក៏លឿនដូចគ្នា។

លោកបណ្ឌិតបានមានប្រសាសន៍ឱ្យដឹងថា “អ្នកវិនិយោគ អ្នកអភិវឌ្ឍន៍មិនថាអភិវឌ្ឍន៍អចលនទ្រព្យ ដូចជា ដីឡូត៏ ខុនដូ ផ្ទះល្វែង ឬប្រភេទផ្សេងៗនៃអចលនទ្រព្យ គឺត្រូវមានចំណេះដឹងមួយសំខាន់ណាស់ គឺចំណេះដឹងផ្នែកសេដ្ឋកិច្ច”។

លោកបន្តថា មនុស្សដែលមិនមានចំណេះដឹងផ្នែកសេដ្ឋកិច្ច ហើយមានបានដោយសារតែឱកាស មានលឿនប៉ុណ្ណា ដួលក៏លឿនប៉ុណ្ណឹងដូចគ្នា។ លោកថា ”អ្នកខ្លះអត់ចេះសេដ្ឋកិច្ចទេ តែឃើញគាត់មានបានលឿនណាស់។ ប៉ុន្តែត្រូវចាំថា បើសិនជាគាត់មានបានទ្រព្យសម្បត្តិលឿន ទាំងដែលគ្មានចំណេះដឹងសេដ្ឋកិច្ច បាត់ទៅវិញក៏លឿនដែរ លុយដែលបានមកដោយសារធ្លាក់ពីលើភ្នំ បាត់ទៅវិញក៏ដូចធ្លាក់ពីលើភ្នំដែរ”។

លោកបណ្ឌិតបន្ថែមថា លុយដែលបានមកតក់ៗ ពេលបាត់ទៅវិញក៏ តក់ៗដែរ តែលុយដែលបានមកលឿនពេក ហើយលឿនរហូតដល់យើងមិនទាន់បានត្រៀមខ្លួន នោះវាក៏នៅជាមួយយើងមិនយូរដែរ ដូច្នេះហើយក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ បើចង់ជោគជ័យ គឺត្រូវមានចំណេះដឹងផ្នែកសេដ្ឋកិច្ច។

លោកបណ្ឌិតពន្យល់ថា ចំណេះដឹងផ្នែកសេដ្ឋកិច្ច មានន័យថាសេដ្ឋកិច្ចរបស់ប្រទេសយើង សេដ្ឋកិច្ចនៅបណ្ដាប្រទេសអាស៊ាន និងសេដ្ឋកិច្ចពិភពលោក ហើយនៅពេលយើងមានចំណេះដឹងផ្នែកសេដ្ឋកិច្ចហើយ យើងនឹងមានការរៀបចំបានត្រឹមត្រូវ និងបានត្រៀមខ្លួនរួចជាសេ្រច។

លោកបន្ថែមទៀតថា នៅពេលយើងយល់ពីសេដ្ឋកិច្ចបានច្បាស់ នោះយើងនឹងអាចដឹងពីតម្រូវការនៃអ្នកទិញ ស្ថានភាពនៃសេដ្ឋកិច្ចត្រូវការអ្វី យើងគួរផលិតអ្វីជាដើម។ ប៉ុន្តែ បើសិនជាយើងមិនមានចំណេះដឹងផ្នែកសេដ្ឋកិច្ចទេ ហើយយើងធ្វើទាំងមិនយល់ ទាំងងងឹតនោះ ទោះបីជាយើងមានលុយច្រើនប៉ុនណា ក៏ត្រូវអស់ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here