វេទិកាខ្សែក្រវាត់និងផ្លូវរបស់ចិននឹងរៀបចំឡើងវិញនៅឆ្នាំ២០២៣ក្រោយខកខានរយៈពេលជាង២ឆ្នាំកន្លងមក

0

ដោយ៖ សុផារី

បាងកក៖ ប្រធានាធិបតីចិន លោក ស៊ី​ ជិនពីង បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងពិចារណាធ្វើជាម្ចាស់ផ្ទះនៃវេទិកាខ្សែក្រវាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាលើកទី៣នៅឆ្នាំ២០២៣ ដែលនឹងក្លាយការប្រារព្ធឡើងវិញលើកដំបូង នៃវេទិកានេះ គិតចាប់តាំងពីជំងឺកូវីដ១៩ ផ្ទុះឡើង។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដកស្រង់សម្តីរបស់លោក ស៊ី ជិនពីង ក្នុងកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក ប្រទេសថៃ។

ខ្សែក្រវាត់និងផ្លូវ ឬ Belt & Road គឺជាគំនិតផ្តួចផ្តើមវិនិយោគហេដ្ឋារចនាសម្ព័ន្ធ របស់លោក ស៊ី ជិនពីង ខណៈវេទិកានេះពីរលើកមុន ត្រូវបានធ្វើឡើងនៅឆ្នាំ២០១៧ និង២០១៩ និងបានទាក់ទាញមេដឹកនាំ និងមន្ត្រីមកពីប្រទេសជាច្រើននៅក្នុងពិភពលោក ប៉ុន្តែត្រូវបានលុបចោល ដោយសារការផ្ទុះឡើងនូវជំងឺកូវីដ ១៩។

ថ្មីៗនេះ ប្រទេសចិនបានចាប់ផ្តើមបន្ធូរបន្ថយវិធានការមួយចំនួន នៃគោលនយោបាយ កូវីដ-សូន្យ (zero-COVID) ដ៏តឹងរឹងរបស់ខ្លួន បើទោះបីជាកំពុងប្រយុទ្ធនឹងការរីករាលដាលនៃមេរោគ នៅក្នុងទីក្រុងជាច្រើនក្តី។

អ្នកវិភាគជាច្រើន បានព្យាករណ៍ថា នឹងមានការបើកទ្វារសម្រាប់កិច្ចប្រជុំដ៏សំខាន់ៗបន្ថែមទៀត នៅក្នុងខែមីនា ឬខែមេសា ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here