ដោយៈ សុផារី
ភ្នំពេញៈ ការវិនិយោគលើការសាងសង់អគារ សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ទទួលបានការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជាច្រើនបំផុត ក្នុងចំណោមសកម្មភាពអាជីវកម្មធំៗចំនួន៥ប្រភេទ។
យោងតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល បានបង្ហាញឱ្យឃើញថា សកម្មភាពអាជីវកម្មធំៗចំនួន៥ប្រភេទទទួលបានការចុះបញ្ជី និងមានដើមទុនច្រើនជាងគេរួម មាន ការវិនិយោគលើការសាងសង់អគារ សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង កម្មន្តសាល សំលៀកបំពាក់ (លើកលែង សំលៀកបំពាក់ ធ្វើពីរោមសត្វ) អន្តរការីរូបិយវត្ថុ និងការចុះបញ្ជីរបស់ក្រុមហ៊ុនផ្សេងៗទៀត។
កម្ពុជាទទួលបានក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអនុម័តរួច មានចំនួនជិត២០ពាន់ក្រុមហ៊ុន គិតជាដើមទុនសរុបមានចំនួន៥,៥១ពាន់ពាន់លានដុល្លារអាមេរិក គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២២នេះ និងនាមករណ៍បម្រុងទុកប្រមាណ១២ពាន់ក្រុមហ៊ុន សហគ្រាសផ្សេងទៀត ដែលនឹងធ្វើការអនុម័តជាបន្តបន្ទាប់។
ការបើកប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់រាជរដ្ឋាភិបាល ក្នុងជំហានទី១ បានដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២០ រួមមាន ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ចំណែកជំហានទី២ បានអនុវត្តនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ប្រព័ន្ធនេះបានពង្រីកវិសាលភាព ដល់ការស្នើសុំអាជ្ញាបណ្ណឬលិខិតអនុ ញ្ញាតផ្សេងៗតាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម ពី ក្រសួង-ស្ថាប័នជំនាញរួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង និយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕