ដោយ វុត្ថា
ប៉េកាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានបង្ហាញមហិច្ឆិតាក្នុងការពង្រីទីផ្សារកម្ពុជាឪ្យបានទំលំទូលាយជាពិសេសទៅកាន់ព្រទេសចិន ខណៈដែលសហភាពអឺរ៉ុបបាននឹងកំពុងទាពន្ធពីការនាំចូលអង្ករកម្ពុជាទៅកាន់ប្រទេសខ្លួនកាលពីពេលថ្មីៗនេះ។
សម្តេចតេជោ នៅក្នុងជំនួបសំណេះសំណាល និងសួរសុខទុក្ខកូនក្មួយនិស្សិតចំនួន ៤៦៨នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសចិនកាលពីថ្ងៃទី ២០ ខែមករា ម្សិលមិញនេះ បានឪ្យដឹងថា នេះជាទស្សនកិច្ចផ្លូវការលើកទី ៦ ហើយដែល សម្តេច បានអញ្ជើញមកកាន់ប្រទេសចិន ដោយមិនរាប់បញ្ចូលទស្សនកិច្ចការងារជាង ១១ លើកមុនទៀត។ តាមរយៈទស្សនកិច្ចទាំងនេះ គឺបានរិតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរអោយកាន់តែរឹងមាំខ្ពស់ឡើងថែមទៀត។
នៅក្នុងទស្សនកិច្ចផ្លូវកានៅពេលនេះគឺ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងខិតខំជំរុញនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេស វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍។ នៅក្នុងឆ្នាំ ២០១៧ យើងទទួលបានទេសចរចិនប្រមាណ ១.២ លាននាក់ ហើយនៅឆ្នាំ ២០១៨ កន្លងទៅនេះ ទេសចរចិនបានកើនឡើងដល់ ១.៩លាននាក់។ កាលពីឆ្នាំមុន សម្តេចតេជោ គ្រោងចង់បានទេសចរចិនប្រមាណ ០.០១% តែចាប់ពីឆ្នាំ ២០១៩ នេះ គឺកម្ពុជាចង់បានទេសចរចិនយ៉ាងហោចណាស់ ០.០៥% នៃចំនួនប្រជាជនចិន ១,៣០០ លាននាក់។
ជាមួយគ្នានេះដែរ គឺកម្ពុជាត្រូវខិតខំបើក ពង្រីក និងពង្រឹងទីផ្សារអោយបានច្រើនថែមទៀតក្រៅពីទីផ្សាអាមេរិក និងអ៊ឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជាចេញក្រៅ ដូចជានៅក្នុងប្រទេសចិន, អាហ្វ្រិក, មឈ្ឈឹមបូព៌ា និងកូរ៉េជាដើម។ សព្វថ្ងៃនេះ ទំហំពាណិជ្ជកម្មកម្ពុជានិងចិនក៏បានកើនឡើងដល់ ៥,៦០០លានដុល្លារហើយ។ មិត្តចិនគឺវិនិយោគធំជាងគេនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គីសនី ជាដើម។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានពន្យល់អំពីស្ថានការណ៍ពិភពលោកដល់និស្សិតអោយបានយល់ដឹង ហើយ សម្តេច បានមានប្រសាសន៍ថា ទោះបីស្ថានភាពពិភពលោកមានការប្រែប្រួលឬមិនច្បាស់លាស់ទៅផ្លូវណា គឺកម្ពុជាមិនអោយពលរដ្ឋខ្លួនដាច់បាយឡើយ។ សម្តេចនឹងបន្តខិតខំដើម្បីពង្រឹងសេដ្ឋកិច្ចប្រទេសជាតិអោយបានរឹងមាំ។
សហភាពអឺរ៉ុបបានចាប់ផ្តើមយកពន្ធ ការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ មករា ទៅកាន់សហភាពអឺរ៉ុប ព្រោះការនាំចូលអង្ករ របស់ប្រទេសទាំងពីរ បានធ្វើឲ្យខូចខាត ដល់សេដ្ឋកិច្ចអ្នកផលិតអឺរ៉ុប។ ការសម្រេចគិតពន្ធនេះ ធ្វើឡើងតាមសំណើរបស់ រដ្ឋាភិបាលអ៊ីតាលី ដែលគាំទ្រដោយបណ្ដារដ្ឋ ជាសមាជិកកំពុងដាំដុះស្រូវ នៅសហភាពអឺរ៉ុបផ្សេងទៀតរួមមាន៖ អេស្ប៉ាញ បារាំង ព័រទុយហ្គាល ក្រិក ហុងគ្រី រូម៉ានី និងប៊ុលហ្គារី ។
យោងតាមសេចក្ដីថ្លែងការណ៍ ក្រសួងពាណិជ្ជកម្មនៅថ្ងៃ១៧ មករា ឆ្លើយតបនឹងសេចក្ដី ប្រកាសរបស់សហភាពអឺរ៉ុប ស្ដីពីវិធានការការពារទីផ្សារ ដោយសហភាពអឺរ៉ុប មកលើអង្ករនាំចេញពីកម្ពុជា បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម មានការសោកស្ដាយយ៉ាងខ្លាំង ចំពោះសេចក្ដីសម្រេចនេះ ដែលមិនបានឆ្លុះបញ្ចាំងទាំងស្រុង លើទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាព ព្រមទាំងកិច្ចសហប្រតិបត្តិការកន្លងមកដ៏ល្អ រវាងរដ្ឋាភិបាល និងវិស័យឯកជនរបស់កម្ពុជា និងសហគមន៍អឺរ៉ុប ។
ក្រសួងពាណិជ្ជកម្មបន្តថា ការសម្រេចដាក់វិធានការ ការពារទីផ្សារដោយសហភាពអឺរ៉ុប មកលើអង្ករដែលមាន ប្រភពដើមមកពីកម្ពុជា មានឥទ្ធិពលគ្រប់គ្រាន់ សម្រាប់ដកហូតចំណូល របស់ប្រជាកសិករក្រីក្រកម្ពុជា និងជាអាវុធសម្រាប់ធ្វើឃាតពួកគាត់ និងក្រុមគ្រួសារដែលកំពុងជាប់បំពុល ជាមួយនឹងស្ថាប័នឥណទាន ដែលបានផ្ដល់ប្រាក់កម្ចីដល់ពួកគាត់ ។
ក្រសួងបញ្ជាក់ថា “ក្រសួងពាណិជ្ជកម្ម កំពុងពិនិត្យផ្ទៀងផ្ទាត់ សេចក្ដីសម្រេចនេះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងវិធានពាណិជ្ជកម្មអន្តរជាតិ ដើម្បីបន្តធ្វើការតវ៉ា ជាមួយសេចក្ដីសម្រេច ដែលប្រជាជនកម្ពុជាយល់ថា ជាសេចក្ដីសម្រេច ដែលគ្មានសុក្រឹតភាព និងសច្ចភាពសង្គម និងសេដ្ឋកិច្ច។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម និងប្រជាពលរដ្ឋ១៦លាននាក់ អំពាវនាវឲ្យគណៈកម្មការអឺរ៉ុបពិនិត្យឡើងវិញ នូវការសម្រេចរបស់ខ្លួន ដោយផ្អែកលើវិធានការ ពាណិជ្ជកម្មអន្តរជាតិ និងចំណងកិច្ចសហប្រតិបត្តិការល្អ ជាប្រពៃណីរវាងកម្ពុជា និងសហភាពអឺរ៉ុប៕