ដោយវុត្ថា
ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជាអ្នកឧកញ៉ាគិត ម៉េង មេដឹកនាំសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា លោក Arnaud Darc ព្រមទាំងមេដឹកនាំវិស័យឯកជននានាសរុបចំនួន៤០អង្គភាព បានចុះហត្ថលេខាលើលិខិតដ៏សំខាន់មួយ ផ្ញើទៅកាន់ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ដើម្បីស្នើឲ្យគណៈកម្មការអឺរ៉ុប និងប្រទេសជាសមាជិកសហគមន៍អឺរ៉ុបទាំងអស់ បន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ចៀសវាងការដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ហៅកាត់ថា EBA (Everything But Arms) នាំឲ្យប៉ះពាល់ដល់ប្រយោជន៍ និងជីវភាពរបស់ប្រជាជនកម្ពុជា។
លិខិតដ៏សំខាន់មួយ ដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា តំណាងឲ្យវិស័យឯកជននៃកម្ពុជា កម្មករ និងសង្គមស៊ីវិលអន្ដរជាតិ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា សូមសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងទៅលើដំណើរការដកប្រព័ន្ឋអនុគ្រោះពន្ឋលើអ្វីៗគ្រប់យ៉ាងពីកម្ពុជា លើកលែងតែអាវុធ ហៅកាត់EBAពីកម្ពុជា។
មេដឹកនាំស្ថាប័នទាំង៤០បានចាត់ទុកថា ការសម្រេចចិត្តខាងលើ (ដក EBA) នឹងនាំឲ្យមានការប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា និងការមិនទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជនកម្ពុជា ក្នុងការប្រតិបត្តិទៅតាមគុណតម្លៃ និងគោលនយោបាយ នៃគម្រូសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប។
ការរីកចម្រើននៃវិស័យកាត់ដេររបស់កម្ពុជាតែមួយ បាននាំឲ្យមានការអនុម័តនូវអនុសញ្ញាអន្ដរជាតិស្ដីពី សិទ្ធិការងារ និងការកែទម្រង់ទីកន្លែងការងារនាំ មកនូវផលប្រយោជន៍ឲ្យប្រជាជនកម្ពុជាគ្រប់រូប។
ញត្តិតវ៉ានេះបានសង្កត់ធ្ងន់ថា“ការដកEBA នឹងមានផលប៉ះពាល់ដល់ជីវភាពរបស់កម្មកររាប់លាននាក់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ដែលពឹងផ្អែកទៅលើវិស័យកាត់ដេរ។ ការដក EBA មានឥទ្ធិពលអវិជ្ជមានកាន់តែខ្លាំង ទៅដល់ស្ដ្រី៨៥ភាគរយរស់នៅតាមជនបទ ដែលជាកម្មការិនីកាត់ដេរ ក្នុងចំណោមអ្នកកាត់ដេរ៧០០,០០០នាក់”។
ស្ថាប័នទាំង៤០បានលើកឡើងថា «យើងជឿជាក់ថា ការដែលសហភាពអឺរ៉ុបគ្រាន់តែប្រកាសដំណើរការដកEBA វាមានផលប៉ះពាល់យូរអង្វែងរួចស្រាប់ទៅហើយ ដល់ទំនាក់ទំនងសហភាពអឺរ៉ុប និងកម្ពុជា ពោលវានឹងបិទច្រកក្នុងការចរចារស្វែងរកដំណោះស្រាយ ដែលជាកាតាលីករក្នុងការអភិវឌ្ឍកម្ពុជា រយៈពេល២០ឆ្នាំចុងក្រោយនេះ»។
មេដឹកនាំវិស័យឯកជនកម្ពុជា និងអឺរ៉ុបរួមគ្នាសម្តែងសុទិដ្ឋិនិយមថា ការឈានទៅដកហូតការអនុគ្រោះពន្ធនេះ នឹងធ្វើឲ្យមានផលប៉ះពាល់យូរអង្វែង លើទំនាក់ទំនងរវាង សហភាពអឺរ៉ុប និងកម្ពុជា ពីព្រោះការសម្រេចចិត្តនេះ នឹងបង្ហាញនូវទីបញ្ចប់នៃកិច្ចសហការ និងការសន្ទនាដោយបើកចំហ ដែលវប្បធម៌នេះមានគុណសម្បត្តិ ធ្វើឱ្យមានការរីកចម្រើនយ៉ាងធំធេងនៅរយៈពេល២០ឆ្នាំមកហើយ។
ញត្តិដដែលគូសបញ្ជាក់ថា “យើងស្នើសុំដល់ គណៈកម្មាធិការអឺរ៉ុប ឲ្យពិនិត្យឡើងវិញនូវជំហ៊ានណាមួយ ដោយត្រូវគិតជាមុនសិន អំពីបរិបទប្រវត្តិសាស្ត្រដ៏លំបាករបស់ប្រទេសកម្ពុជា”។
តាងនាមជាតំណាងនៃសេដ្ឋកិច្ចកម្ពុជា ហត្ថលេខីទាំងអស់នៅក្នុងញាត្តិបានលើកឡើងថា “យើងខ្ញុំនៅតែបន្ដប្តេជ្ញាគោរពខ្ជាន់ខ្ជួន ពីតម្លៃនៃសេរីភាពនៃការបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ និងខិតខំបន្តកែលម្អនានា។ ហេតុដូច្នេះហើយ យើងខ្ញុំសូមអំពាវនាវដល់ គណៈកម្មាធិការអឺរ៉ុប និងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប មេត្តាបន្តផ្តល់ការគាំទ្ររបស់ខ្លួន ឥតឈប់ចំពោះដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយបន្តភាពជាដៃគូសន្ទនាជាលក្ខណៈស្ថាបនា និងបន្តសកម្មភាពកិច្ចសហប្រតិបត្តិការបន្តទៀតជាមួយនឭរាជរដ្ឋាភិបាលកម្ពុជា»។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មានការចុះអនុស្សារណៈយោគយល់គ្នា MOU រវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ព្រមទាំងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមធុរកិច្ចនៅកម្ពុជា។
ប្រព័ន្ធអនុគ្រោះពន្ធ “អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) “ត្រូវបានអនុម័តដោយ វិធានរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យមានការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធទៅសហភាពអឺរ៉ុប ពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា។ នេះបើតាមក្រសួងពាណិជ្ជកម្មកម្ពុជា។
EBAជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០០១ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ៕