កម្ពុជា និងវៀតណាមប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគីដល់ទឹកប្រាក់២០ពាន់លានដុល្លារ និងឯកភាពបើកការហោះហើរត្រង់ពីហាណូយ ទៅសៀមរាប

0

ដោយ: គង់ លាងហួរ
ហាណូយ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគីឱ្យកើនឡើងដល់ទឹកប្រាក់២០ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់។

លោក Pham Minh Chinh បានសង្កត់ធ្ងន់លើគោលនយោបាយរបស់វៀតណាម ក្នុងការផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី រួមជាមួយនឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រកបដោយនិរន្តរភាព និងយូរអង្វែង”។ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសវៀតណាមលើកនេះ ធ្វើឡើង ក្នុងគោលបំណងរក្សានូវប្រពៃណីដ៏ល្អរបស់ប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់ភាពជាដៃគូទ្វេរភាគីឱ្យឈានឡើងដល់កំពស់ថ្មីមួយ។ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ភាគីទាំង២បានឯកភាពគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដែលត្រូវបានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។

កម្ពុជា និងវៀតណាម បានឯកភាពគ្នាបើកឱ្យមានការហោះហើរត្រង់ពីរដ្ឋធានី ហាណូយ ប្រទេសវៀតណាម មកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងហោះហើរត្រង់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា -វៀត ណាម ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២៣។
តាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការទាក់ ទាញ ភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរធុរជន វិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយ ធ្វើ ដំណើរ និងការដឹកជញ្ជូនជាដើម។ល។
វៀតណាម បានក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសធ្វើ ដំណើរ បំពេញទស្សនកិច្ចជាផ្លូវការ។ ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដោយសម្តេច សង្កត់ធ្ងន់ថា នៅតែបន្តរក្សាទំនាក់ទំនងល្អ មិនប្តូរនយោបាយនៃទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តនោះឡើយ៕

ទាក់ទងនឹងវិស័យការពារជាតិ និងសន្តិសុខ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា វៀតណាម និងកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលមិនអនុញ្ញាតឱ្យកងកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ។

លើសពីនេះ ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូន រួមទាំងការតភ្ជាប់ផ្លូវហាយវេ និងការបង្កើនការបើកជើងហោះហើរត្រង់រវាងទីក្រុងធំៗនៃប្រទេសទាំង២ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here