ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Global Multimodal Logistics (GML) អង្គការទីផ្សារសម្រាប់កសិករ (MOF) និងក្រុមហ៊ុន Pan-Asia Silk Co Ltd (PAS) បានចាប់ដៃគ្នា ដើម្បីធ្វើប្រតិបត្តិការបណ្តាញដឹកជញ្ជូនផ្លូវដែក សម្រាប់ការនាំចេញផលិតផលកសិកម្មរបស់ប្រទេសថៃ។
សារពត៌មានថៃ The Nation បានចុះផ្សាយថាបណ្តាញផ្លូវដែកនេះ នឹងត្រូវតភ្ជាប់ជាមួយប្រទេសចិន រុស្ស៊ី និង សហភាពអឺរ៉ុប(EU)។
ដំណើរការបើកសម្ពោធនេះ មានការចូលរួមពីលោក Thammanat Prompao រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោកសាស្ត្រាចារ្យ Nathomon Pinyosinwat ទីប្រឹក្សានាយករដ្ឋមន្ត្រី លោក Prayoon Inskul លេខាធិការអចិន្ត្រៃយ៍នៃក្រសួងកសិកម្ម និងសហករណ៍ និងលោក Vannaporn Ketudat អគ្គអធិការក្រសួងពាណិជ្ជកម្ម។បណ្តាញនេះនឹងដឹកជញ្ជូនផលិតផលកសិកម្មរបស់ថៃ ទៅកាន់ទីក្រុង Chengdu ក្នុងប្រទេសចិន ហើយបន្តទៅកាន់សហភាពអឺរ៉ុបតាមរយៈផ្លូវដែកជាលើកដំបូង។ រថភ្លើងបានចេញដំណើរពីស្ថានីយ Map Ta Phut នៅថ្ងៃអាទិត្យទី១០ ខែធ្នូ ដោយគ្រោងនឹងទៅដល់ទីក្រុងChengdu ប្រទេសចិន នៅថ្ងៃទី១៥ ខែធ្នូ។ បន្ទាប់កការធ្វើដំណើរនឹងបន្តទៅកាន់ប្រទេសរុស្ស៊ី និងប៉ូឡូញ។
គម្រោងនេះស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ដែលត្រូវបានសម្របសម្រួលដោយប្រព័ន្ធផ្លូវដែកថៃ-ឡាវ-ចិន។ ចំណែក គោលបំណងគឺដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវដែក ដើម្បីនាំចេញទំនិញរបស់ខ្លួនដូចជា អង្ករផ្កាម្លិះ ទុរេន និងកៅស៊ូ។
គំនិតផ្តួចផ្តើមនេះនឹងជំរុញតម្លៃផលិតផលកសិកម្ម ជំរុញកំណើនស្ថិរភាពក្នុងវិស័យកសិកម្មរបស់ប្រទេសថៃ បង្កើនប្រសិទ្ធភាពភស្តុភារ រក្សាគុណភាពផលិតផល និងរួមចំណែកដល់និរន្តរភាពបរិស្ថាន៕