ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលក្រុងហុងកុងគ្រោងនឹងដាក់លក់ដីទំហំមធ្យមមួយកន្លែងប៉ុណ្ណោះនៅត្រីមាសទី៣ ខណៈទីក្រុងនេះកំពុងព្យាយាមរក្សាការផ្គត់ផ្គង់ដីឱ្យនៅមានកម្រិត ដោយសារទីផ្សារលំនៅដ្ឋានរបស់ទីក្រុងហុងកុងជួបប្រទះការផ្គត់ផ្គង់ផ្ទះលើសតម្រូវការ។
ដីទំហំ៦.៥០០ម៉ែត្រការ៉េនៅចំណុចប្រសព្វរវាងផ្លូវ Wing Shun និងផ្លូវ Texaco ក្នុងសង្កាត់ Tsuen Wan ស្ថិតនៅភាគខាងលិចនៃតំបន់ New Territories លើកោះហុងកុង នឹងត្រូវបានដាក់ដេញថ្លៃលក់នៅចន្លោះខែកក្កដានេះដល់ខែកញ្ញា។ ដីនេះមានទំហំគ្រប់គ្រាន់សម្រាប់សាងសង់ផ្ទះល្វែងទំហំមធ្យមប្រហែល៧៨០យូនីត។
លោកស្រី Linn Hon-ho មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកលើការអភិវឌ្ឍន៍ហុងកុងបានអះអាងថា “ទីផ្សារអចលនទ្រព្យហុងកុងកំពុងងើបឡើងវិញបន្តិចម្តងៗ ស្របពេលមានការកើនឡើងនៃចំនួនប្រតិបត្តិការទិញ-លក់ និងកំណើននៃការជួល”។
លោកស្រី Ho បានលើកឡើងថា ការផ្គត់ផ្គង់លំនៅដ្ឋានបច្ចុប្បន្នមានស្ថិរភាព ខណៈគម្រោងលំនៅដ្ឋានចំនួន៦ គ្រោងនឹងបញ្ចប់នីតិវិធីច្បាប់រដ្ឋបាលនៅត្រីមាសទី៣ ដោយចាក់បញ្ចូលនូវផ្ទះចំនួន៤.១៧០យូនីតបន្ថែមទៀត។
យ៉ាងណាមិញ លោកស្រី Hannah Jeong ប្រធានផ្នែកវាយតម្លៃ និងផ្តល់សេវាកម្មប្រឹក្សាយោបល់នៅក្រុមហ៊ុន CBRE Hong Kong បានបង្ហាញការព្រួយបារម្ភអំពីទស្សនវិស័យនៃការផ្គត់ផ្គង់រយៈពេលវែង ដែលអាចប្រឈមនឹងការខ្វះខាតលំនៅដ្ឋាន ប្រសិនបើរដ្ឋបាលក្រុងហុងកុងមិនបន្តផ្គត់ផ្គង់ដីដល់បណ្តាអ្នកអភិវឌ្ឍន៍។
លោកស្រី Jeong បានបន្ថែមថា ដើម្បីបំពេញតម្រូវការទីផ្សារ លំនៅដ្ឋានចន្លោះពី២០.០០០យូនីតទៅ២៥.០០០យូនីតគួរតែត្រូវបានផ្គត់ផ្គង់ទៅកាន់ទីផ្សារជារៀងរាល់ឆ្នាំ។ ការផ្គត់ផ្គង់ដីសម្រាប់សាងសង់លំនៅដ្ឋានតិចជាង៥.០០០យូនីតនៅត្រីមាសទី៣ អាចជះផលប៉ះពាល់លើការផ្គត់ផ្គង់រយៈពេលវែង៕ប្រភព: SCMP៕