ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាមួយបានរកឃើញថា ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក បើគិតពីចំនួនបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុត(Ultra-wealthy) ដែលមានលំនៅដ្ឋានយ៉ាងតិចមួយយូនីត ឬមួយខ្នង។
យោងតាមការសិក្សាដោយក្រុមហ៊ុន Altrata បានបង្ហាញថា បុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅទីក្រុងញូវយ៉កមានចំនួន៣៣.២២២នាក់ ហើយពួកគេបានកាន់កាប់លំនៅដ្ឋានយ៉ាងតិចមួយយូនីត ខណៈបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅទីក្រុង Los Angeles មានចំនួន១៩.៧៨១នាក់ ដោយជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក។
ទីក្រុងហុងកុងរបស់ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងពិភពលោក ខណៈបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅតំបន់រដ្ឋបាលពិសេសមួយនេះមានចំនួន១៩.៤៣៩នាក់ ហើយពួកគេបានកាន់កាប់លំនៅដ្ឋានយ៉ាងតិចមួយយូនីត។
ចំណែក ទីក្រុង Miami ក្នុងរដ្ឋ Florida របស់សហរដ្ឋអាមេរិកបានចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក ខណៈបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅទីក្រុងជាប់ឆ្នេរសមុទ្រមួយនេះមានចំនួន១៧.៤៥៧នាក់ ហើយពួកគេបានទិញលំនៅដ្ឋានយ៉ាងតិចមួយយូនីត។
ជាមួយគ្នានោះ ចំណាត់ថ្នាក់លេខ៥ បានទៅលើទីក្រុងឡុងដិ៍ ប្រទេសអង់គ្លេស ខណៈបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅទីក្រុងយ៉ាងល្បីល្បាញមួយនេះមានចំនួន១៥.៦៩៥នាក់ ហើយពួកគេបានទិញលំនៅដ្ឋានយ៉ាងតិចមួយយូនីត៕ប្រភព: Vnexpress៕