ចំណេះដឹង! តើ​មាន​នីតិវីធី​អ្វីខ្លះ​ក្នុងការ​ស្នើសុំ​ប័ណ្ណ​កាន់កាប់​ដីធ្លី

0

ដោយ វុត្ថា

ភ្នំពេញៈ ដោយ​ការកាន់កាប់​ដីធ្លី​អាចធ្វើ​ឡើង ក្នុង​រូបភាព​ពីរ ប័ណ្ណ​កាន់កាប់​ក៏មាន​ពីរ​ប្រភេទ​ដែរ៖ គឺ​ប័ណ្ណ​ភោគៈ និង​ប័ណ្ណកម្មសិទ្ធិ។

ដើម្បី​ទទួលបាន​ប័ណ្ណ​នេះ ម្ចាស់​ដី​ត្រូវដាក់​ពាក្យសុំ​ទៅ​ការិយាល័យ​ភូមិបាល​ស្រុក/ខ័​ណ្ឌ តាមរយៈ​មេឃុំ/ចៅសង្កាត់ ដែល​ដី​នោះ​តាំងនៅ។

នៅក្នុង​ជំហាន​ដំបូង មេឃុំ/ចៅសង្កាត់ ត្រូវធ្វើ​ការបញ្ជាក់​លើ​ចំណុច​ពីរ ទី១ បញ្ជាក់​អំពី​អត្តសញ្ញាណ ស្ថានភាព និង​ប្រវត្តិ​ដី (កាលបរិច្ឆេទ​នៃ​ការចូល​កាន់កាប់) និង​ទី២ បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ម្ចាស់​ដី (ឈ្មោះ អត្រានុកូលដ្ឋាន ទីលំនៅ ជាដើម)។

នៅក្នុង​ករណី ដែល​ម្ចាស់​ដី មាន​ទីលំនៅ នៅ​ឃុំ/សង្កាត់​ផ្សេង ពី​ឃុំ/សង្កាត់ ដែល​ដី​តាំងនៅ ការបញ្ជាក់​ត្រូវធ្វើឡើង​ដោយ​ឃុំ/សង្កាត់​ពីរ៖ គឺ​ឃុំ/សង្កាត់ ដែល​ដី​តាំងនៅ ជា​អ្នក​បញ្ជាក់​អំពី​អត្តសញ្ញាណ និង​ស្ថានភាព​ដី ចំណែក​ឃុំ/សង្កាត់ ដែលជា​លំនៅ​របស់​ម្ចាស់​ដី គឺជា​អ្នក​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ម្ចាស់​ដី។

បន្ទាប់ពី​បាន ទទួល​ការបញ្ជាក់​ពី​ពី​មេឃុំ ឬ​ចៅសង្កាត់​រួចរាល់​ហើយ ដំណាក់កាល​បន្ទាប់មក​ទៀត គឺ​សុំ​ទៅ​សាលាស្រុក/ខ័​ណ្ឌ ដែល​ដី​តាំងនៅ ដើម្បី​ចាត់ចែង​ឲ្យ​មន្ត្រី​សុរិយោដី​ស្រុក​ចុះ​វាស់វែង​កំណត់​ព្រំដី។ នៅក្នុង​ការវាស់វែង​នេះ ម្ចាស់​ដី គឺជា​ចង្អុលបង្ហាញ​អំពី​ព្រំដី។ ចំណែក​មន្ត្រី​សុរិយោដី​គ្រាន់តែ​ជា​អ្នក​វាស់​ប៉ុណ្ណោះ។ បន្ទាប់ពី​បាន​វាស់វែង​ហើយ មន្ត្រី​សុរិយោដី​ស្រុក​នឹង​រៀបចំ​គូស​ប្លង់​ក្បាលដី។

នៅក្នុង​ការកសាង​ប្លង់​សុរិយោដី​នេះ សាលាស្រុក​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ ដើម្បី​ទុក​ឱកាស​ឲ្យ​បុគ្គល​ពាក់ព័ន្ធ​ធ្វើការ​តវ៉ា។ នៅមុន​ពេល​ចុះ​វាស់វែង ក៏មាន​ការជូនដំណឹង​ជា​សាធារណៈ (១៤ថ្ងៃមុន​ពេល​ចុះ​វាស់)។ នៅក្រោយពេល​គូស​ប្លង់​សុរិយោដី​រួចហើយ ក៏មាន​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ជាថ្មី​ម្តង់ទៀត អំពី​ប្លង់ដី និង​អត្តសញ្ញាណ​ម្ចាស់​ដី។

៣០ថ្ងៃក្រោយ​ការប្រកាស​ផ្សាយ​នេះ ប្រសិនបើ​គ្មាន​ការតវ៉ា​ណាមួយ​ទេនោះ អាជ្ញាធរ​ស្រុក/ខ័​ណ្ឌ នឹង​បញ្ជូន​សំណុំរឿង​ទៅ​ឲ្យ​អាជ្ញាធរ​សុរិយោដី​ថ្នាក់​ខេត្ត/ ក្រុង ជា​អ្នក​ពិ​និ   ត្យ​សម្រេច​ជា​ចុងក្រោយ ក្នុង​ការចេញ​ប័ណ្ណ​ជូន​ដល់​ម្ចាស់​សា​ម៉ី​ដែលជា​អ្នក​សុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here