ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានចេញលិខិតមួយច្បាប់កែប្រែនិតិវិធីនៃការគ្រប់គ្រងទំនិញផ្ទុកក្នុងកុងតែន័រមានម្ចាស់ច្រើន ដើម្បីសម្រួលដល់ដំណើរការពាណិជ្ជកម្មនាំចេញ-នាំចូលឱ្យកាន់តែប្រសើរ ខណៈដែលកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ពីជំងឺ Covid-19 ។
យោងតាមលិខិតលេខ ១០៣៨/២០ អ.គ.រ ដែលចុះហត្ថលេខាដោយ លោក គុណ ញឹម កាលពីថ្ងៃ២៩ ខែមេសា ឆ្នាំ ២០២០ ផ្ញើជូនលោក លោកស្រី ប្រធាននាយកដ្ឋាន សាខា និងការិយាល័យ និងរដ្ឋាករ ឱ្យដឹងថា ក្នុងគោលបំណងជំរុញនូវកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត ដល់ធុរជននាំចេញ និងនាំចូល អគ្គនាយកដ្ឋានគយ និងរដ្ឋាករសម្រេចកែសម្រួលនីតិវិធីនៃការគ្រប់គ្រងទំនិញផ្ទុកកុងតែន័រដែលមានច្រើនម្ចាស់ដោយពុំតម្រូវឱ្យសាខាគយ និងរដ្ឋាករពាក់ព័ន្ធស្នើសុំមក អ.គ.រ ដើម្បីទទួលបាននូវការអនុញ្ញាតទៀតឡើយ នៅពេលរៀបចំបំពេញបែបបទបញ្ចេញទំនិញពីគយ។
លោក គុណ ញឹម បន្តថា ក្នុងន័យនេះ ប្រធានសាខាគយ និងរដ្ឋាករមានសមត្ថកិច្ចពាក់ព័ន្ធមានសិទ្ធិសម្រេចនៅនឹងកន្លែងដោយអនុញ្ញាតឱ្យកាត់សៀលរើទំនិញពីកុងតែន័រនៃមុខទំនិញដែលមានច្រើនម្ចាស់ ដើម្បីបំពេញបែបបទបញ្ចេញទំនិញពីគយ និង/ ឬ សម្រាប់ការរក្សាទុកក្នុងឃ្លាំងតាមនីតិវិធី និងបទបញ្ញត្តិជាធរមាន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៨ កន្លងមកនេះ បានចេញលិខិតលេខ ០០៥២ / ១៨ អគរ នៅក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទំនិញផ្ទុកក្នុងកុងតែន័រ ដែលរក្សាទុកនៅសន្និធិគយបណ្តោះអាសន្ន ឬ ឃ្លាំងទំនិញដែលគ្រប់គ្រងដោយគយមុននឹងបំពេញបែបបទបញ្ចេញទំនិញពីគយចំពោះទំនិញមានម្ចាស់ច្រើន (LCL) ៕