ដោយ ៖ វុត្ថា
ភ្នំពេញ ៖ បុគ្គលទាំងឡាយ ត្រូវទៅចុះបញ្ជីពន្ធរដ្ឋបាលសារពើពន្ធក្នុងរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬ ប្រតិបត្តិការអាជីវកម្ម ឬ ក្រោយពីពេលទទួលបានលិខិតបញ្ជាក់ការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬលិខិតអនុញ្ញាតចេញដោយក្រសួង ឬ ស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះ រាល់ការចុះបញ្ជី បុគ្គលនោះត្រូវបង់កម្រៃសេវា។
តាមឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យដឹងថាកម្រៃសេវាកម្មចុះបញ្ជីពន្ធដារមានដូចតទៅ៖
– ០ រៀល សម្រាប់ស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បេសកកម្មទូត កុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា និងគណបក្សនយោបាយ។
– ២០ ០០០ រៀល (៥ ដុល្លារ) សម្រាប់អ្នកជាប់ពន្ធតូច និងអ្នកជាប់ពន្ធដែលមានកម្រិតផលរបរប្រចាំឆ្នាំក្រោម ២៥០ លានរៀល (៦២ ៥០០ ដុល្លារ) ឬ មានផលរបរក្នុងរយៈពេល ៣ ខែណាមួយដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តក្រោម ៦០ លានរៀល (១៥ ០០០ ដុល្លារ) ។
– ៤០០ ០០០ រៀល (១០០ ដុល្លារ) សម្រាប់អ្នកជាប់ពន្ធមធ្យម អ្នកជាប់ពន្ធធំ សមាគម និងអង្គការនានាដែលបានស្នើសុំ។ សូមបញ្ជាក់ថា នីតិវិធីនៃការចុះបញ្ជីពន្ធដារ និងការបង់ពន្ធត្រូវធ្វើនៅកន្លែងផ្សេងគ្នា។
បើចង់ចុះបញ្ជីពន្ធដារ លោក អ្នកត្រូវទៅធ្វើនៅអគ្គនាយកដ្ឋានពន្ធដារដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះការបង់ប្រាក់ពន្ធផ្សេងៗវិញ គឺអ្នកត្រូវទៅបង់ពន្ធនៅសាខាពន្ធដារដែលស្ថិតនៅក្នុងការិយាល័យពន្ធដារណាមួយនៅក្នុងក្រុង/ខេត្តដែលអាជីវកម្មនោះតាំងនៅ៕