ចំណេះដឹង! តើ​ការផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ​មាន​និតិ​វិធី​ដូចម្តេច?

0

ដោយ ​វុត្ថា

ភ្នំពេញៈ តម្លៃ​គិត​ពន្ធគយ​លើ​ទំនិញ​នាំចូល គឺជា​តម្លៃ​ចម្លងការ មានន័យថា ជា​ថ្លៃ​ដែល​បាន​ទូទាត់ ឬ​នឹងត្រូវ​ទូទាត់​ពិតប្រាកដ លើ​ទំនិញ​ដែល​បាន​លក់​សម្រាប់​នាំ​ចេញមក​កម្ពុជា។

ការប្រកាស​តម្លៃ​គិត​ពន្ធគយ​នៃ​ទំនិញ នាំចូល ត្រូវ​អនុលោម​តាម​បញ្ញត្តិ​មាត្រា១៨ ចំនុច “ខ” នៃ​ច្បាប់​ស្តីពី​គយ​និង​បញ្ញត្តិ​ប្រកា​សលេខ ៣៨៧ សហវ.គរ ចុះ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តីពី ការកំណត់​តម្លៃ​គិត ពន្ធគយ​លើ​ទំនិញ​នាំចូល។ តម្លៃ​គិត​ពន្ធគយ​នៃ​ទំនិញ​នាំចូល ត្រូវ​ប្រកាស​ជា​ប្រាក់រៀល (មាត្រា២៣ នៃ​ច្បាប់​ស្តីពី​គយ)។

នីតិវិធី​នៃ​ការផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ៖

ក.ទីកន្លែង៖

  • អង្គភាព​តម្លៃ​គិត​ពន្ធគយ នៅតាម​សាខា និង​ការិយាល័យ​គយ​និង​រដ្ឋាករ​មូលដ្ឋាន (ក្នុង​ក្របខ័ណ្ឌ​វិមជ្ឈការ)។
  • នាយកដ្ឋាន​ផែនការ បច្ចេកទេស និង​កិច្ចការ​អន្តរជាតិ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា។

ខ.ការដាក់​ឯកសារ​ស្នើសុំ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ៖

ដើម្បី​ដាក់​ឯកសារ​នាំចេញ​នាំចូល ឲ្យ​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច​ធ្វើការ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ ធុរជន​ពាក់ព័ន្ធ​ត្រូវបំពេញ​ប្រតិវេទន៍​តម្លៃ​គិត​ពន្ធគយ ដោយ​អម​ភ្ជាប់​ជាមួយ​នូវ​បណ្តា​ឯកសារ​គាំទ្រ ដូចជា៖

  • វិក្កយបត្រ​ពាណិជ្ជកម្ម បញ្ជី​វេច​ខ្ចប់ និង​អ​ញ្ញត្តិ​ប័ណ្ណ​ចំនួន៣ច្បាប់
  • វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម ប័ណ្ណ​ប៉ាតង់ លិខិត​ផ្ទេរសិទ្ធិ អត្តសញ្ញាណ​បណ្ណ ឬ​លិខិតឆ្លងដែន​ម្ចាស់​ទំនិញ​និង​អ្នកតំណាង។
  • លិខិតអនុញ្ញាត (ប្រសិនបើ​តម្រូវ)

ក្នុង​ករណីខ្លះ មន្ត្រី​គយ​មាន​សមត្ថកិច្ច​អាច​តម្រូវ​ឲ្យ​ធុរជន​ពាក់ព័ន្ធ​ផ្តល់​ឯកសារ​គាំទ្រ​បន្ថែមទៀត ដូចជា៖

  • កិច្ចសន្យាលក់ ប័ណ្ណ​បញ្ជា​ទិញ លិខិតបញ្ជាក់​ប្រតិបត្តិការ​តាម​ធនាគារ តារាង​តម្លៃ​សាធារណៈ និង​ឯកសារ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​ចម្លងការ ឬ​ការទូទាត់។
  • ឯកសារ​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ ឬ យ​ថា​ប្រភេទ​លម្អិត​ច្បាស់លាស់​នៃ​ទំនិញ

គ.ឯកសារ​ត្រឹមត្រូវ​គឺជា​ឯកសារ​ដែល៖

  • បាន​បំពេញ​ដោយ​ត្រឹមត្រូវ​គ្រប់​ប្រឡង់​ព័ត៌មាន
  • ពុំមាន​ភាពមិនប្រក្រតី​ឬ ការ​កោស​លុប
  • មាន​បោះត្រា​បញ្ជាក់​របស់​ក្រុមហ៊ុន​ម្ចាស់​ទំនិញ​ចំពោះ​ឯកសារ​ច្បាប់​ចម្លង។ល។

ឃ.បុគ្គល​ដែលមាន​នីតិសម្បទា​ស្នើសុំ៖

  • ម្ចាស់​ក្រុមហ៊ុន​ស្នើសុំ​នាំចូល ឬ
  • បុគ្គលិក​របស់​ក្រុមហ៊ុន​ស្នើសុំ​នាំចូល ដែលមាន​ទទួល​សិទ្ធិ​តំណាង​ពី​ម្ចាស់​ក្រុមហ៊ុន (ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​បណ្ណ​សំគាល់​បុគ្គលិក​ក្រុមហ៊ុន)
  • នីតិបុគ្គល ឬ បុគ្គល​ដែលមាន​នីតិ​សម្បទាន​ជា​ជើង​សាគយ

ង.រយៈពេល​នៃ​ការផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ៖

ក្នុងករណី​ឯកសារ​មាន​ភាពត្រឹមត្រូវ​និង​គ្រប់គ្រាន់ ការផ្ទៀងផ្ទាត់​និង​ការសម្រេច​លើ​តម្លៃ​គិត​ពន្ធគយ​នឹងធ្វើ​ឡើង​ក្នុង​រង្វង់​ពី១ ទៅ២ថ្ងៃ​ធ្វើការ។ ក្នុងករណី​មិនអាច​ធ្វើបាន​ដោយ​ប្រការ​ណាមួយ មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច នឹង​ចុះ​អាទិសង្កេត​នៅលើ​ឯកសារ​ពាក់ព័ន្ធ​បញ្ជាក់​ពី​មូលហេតុ នៃ​ការយឺតយ៉ាវ​ក្នុង​ការចេញ​សេចក្តីសម្រេច​នេះ។

ច.យន្តការ​ឧទ្ធរណ៍​នៃ​តម្លៃ​គិត​ពន្ធគយ៖

បុគ្គល​ណា​ដែល​មិន​ពេញចិត្ត ចំពោះ​ការសម្រេច​របស់​មន្ត្រី​គយ មាន​សមត្ថកិច្ច​លើ​តម្លៃ​គិត​ពន្ធគយ អាច​ធើ្វ​ការតវ៉ា​ជា​លាយលក្ខណ៍អក្សរ ទៅ អគរ ស្របតាម​បញ្ញត្តិ​មាត្រា២៤ នៃ​ច្បាប់​ស្តីពី​គយ។

ឆ.មធ្យោបាយ​ទំនាក់ទំនង៖

ក្នុងករណី​មាន​ចម្ងល់​ពី​វិធីសាស្ត្រ​គណនា ឬ នីតិវិធី​នៃ​ការផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ បុគ្គល​ពាក់ព័ន្ធ​អាច​សាកសួរ​ព័ត៌មាន នៅ​នាយកដ្ឋាន​ផែនការ បច្ចេកទេស​និង​កិច្ចការ​អន្តរជាតិ​នៃ​អគរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here