ដោយវុត្ថា
ភ្នំពេញៈ ការចុះបញ្ជីដីធ្លីពិតជាមានសារ:ប្រយោជន៍ណាស់ សម្រាប់ប្រជាពលរដ្ឋ ព្រោះកាលណាប្រជាពលរដ្ឋ ទទួលបានកម្មសិទ្ធិដីធ្លីនោះ បញ្ហាទំនាស់ដីធ្លីនឹងត្រូវបានកាត់បន្ថយ ហើយវាក៏អាចឲ្យប្រជាពលរដ្ឋម្ចាស់ដី ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិអាចយកទៅប្រើប្រាស់តាមតម្រូវការ។
ម្យ៉ាងទៀត ប្រជាពលរដ្ឋនឹងក្លាយជាម្ចាស់ដី ពិតប្រាកដទៅតាមច្បាប់ ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងពង្រីករបរកសិកម្ម ឬមុខរបរផ្សេងទៀត លើដីកម្មសិទ្ធិនេះ ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្របានមួយកម្រិតថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់លើវិស័យដីធ្លីជូនពលរដ្ឋ និងបានដាក់ចេញនូវយុទ្ធនាការវាស់វែងដីធ្លី ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ក្នុងគោលបំណងការពារប្រយោជន៍ របស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីនៅកម្ពុជា មានពីរប្រភេទ គឺ ៖ ១)- ការចុះបញ្ជីដាច់ដោយដុំ គឺជាការចុះបញ្ជី តាមការស្នើសុំរបស់ម្ចាស់ដី និងទី ២)- ការចុះបញ្ជីដោយប្រព័ន្ធគឺជាការចុះបញ្ជីតាមគម្រោង ឬផែនការរបស់រដ្ឋ។ សម្រាប់ការស្នើសុំចុះបញ្ជីអចលនទ្រព្យ គឺត្រូវប្រើរយៈពេលចំនួន៥២ថ្ងៃ និងកម្រៃសេវាគឺមានតម្លៃ៦០ម៉ឺនរៀល៕