កម្ចី​ពី​ធនាគារ​លើ​វិស័យ​អចលនទ្រព្យ សំណង់ និង​លំនៅដ្ឋាន​នៅ​កម្ពុជា​កើន​ទឹកប្រាក់ ៧,៦៨ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី១

0

ដោយ ប៊ី

ភ្នំពេញៈ ប្រាក់កម្ចី​លើ​វិស័យ​អចលនទ្រព្យ សំណង់​និង​លំនៅដ្ឋាន ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ដល់​ជាង៧,៦៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី១នៃ​ឆ្នាំ២០២០ ។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆមាស​ទី១ របស់​ធនាគារជាតិ​នៃ​កម្ពុជា។

របាយការណ៍​ខាងលើ​បានឱ្យដឹងថា ប្រាក់កម្ចី​លើ​វិស័យ​អចលនទ្រព្យ សំណង់​និង​លំនៅដ្ឋាន​បានរួម​ចំណែក ២៨,៨ ភាគរយ នៃ​ប្រាក់កម្ចី​ពី​ធនាគារ​សរុប​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់ ២៦,៧ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២០ ។  ការរួមចំណែក២៨,៨ ភាគរយ​ស្មើនឹង​ទំហំ​ទឹកប្រាក់​ជាង ៧,៦៨៩លាន​ដុល្លារ។

លោក​ជា ចាន់តូ អភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​កាលពីដើម​សប្តាហ៍​នេះ​ថា ទោះបី​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 បាន​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​កំណើនសេដ្ឋកិច្ច​ក៏ដោយ ក៏​ឧស្សាហកម្ម​ធនាគារ​នៅតែមាន​ការរីកចម្រើន​រឹងមាំ និង​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍន៍​ដល់​សេដ្ឋកិច្ច។

លោក​បាន​ថ្លែងថា “នៅក្នុង​វិស័យ​ធនាគារ ហានិភ័យ​ចំបង ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត ដែលមាន​រយៈពេល​យូរ រួមមាន​ការធ្លាក់ចុះ​នូវ​ប្រាក់ចំណូល​របស់​ប្រជាជន និង​អាជីវកម្ម អាច​នាំឱ្យមាន​ការធ្លាក់​ចុះ​នៃ​កំណើន​ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ​ការធ្លាក់ចុះ​នៅក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​ការធ្លាក់ចុះ​នៃ​មូលធន​បរទេស​ហូរ ចូលក្នុង​វិស័យ​ធនាគារ” ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ថា សកម្មភាព​នៃ​ការទិញ លក់​ក្នុង​ពេលនេះ មាន​ភាពស្ងប់ស្ងាត់​បន្តិច បើ​ប្រៀបធៀប​ទៅនឹង​ដើមឆ្នាំ ឬ​អំឡុងពេល​ត្រីមាស​ទី១ ប៉ុន្តែ​សម្រាប់​តម្លៃ​វិញ​គឺ​មិនមាន​ការធ្លាក់ចុះ​នោះទេ។

លោកស្រី​បញ្ជាក់ថា “រាល់​ការវិនិយោគ នៅក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងដំណាក់កាល​នេះ មិន​ថា​ផ្នែក​សំណង់​លំនៅដ្ឋាន​ឬ​ផ្នែក​ដីធ្លី​នោះទេ គឺមាន​ឱកាស​ចំណេញ​ដូចគ្នា ប្រសិនបើ​រាល់​អចល​ទ្រព្យ​វត្ថុ​ទាំងអស់នោះ ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ” ។ លោកស្រី​បន្តថា “នៅក្នុង​ឆមាស​ទី២នៃ​ឆ្នាំនេះ តម្លៃ​ទីផ្សារ​អាច​នឹងមាន​ភាព​ល្អប្រសើរ​ឡើងវិញ​បន្តិចបន្តួច ក្រោម​វិធានការ​របស់​រាជរដ្ឋាភិបាល ដែល​អនុញ្ញាតឱ្យ​ផ្នែក​មួយចំនួន​បើក​ដំណើរការ​ឡើងវិញ” ។

ទោះជា​យ៉ាងណា ទីផ្សារ​អចលនទ្រព្យ​ទាំងមូល​អាច​វិលត្រឡប់ ទៅរក​សភាព​ដើម​ដូច​ចុងឆ្នាំ២០១៩ អាច​ត្រូវការ​ពេល វេលា​យូរ​បន្តិច​យ៉ាង​ហោ​ស​ណាស់១ឆ្នាំ ឬ​អាច​លើសពីនេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here