ក្រុមហ៊ុន​ចិន​កំពុង​ព​ន្លឿ​ន​ការសាងសង់​ព្រលានយន្ដហោះ​អន្តរជាតិ​ថ្មី​ខេត្តសៀមរាប​ដោយ​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ

0

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ បើ​គ្មានអ្វី​ប្រែប្រួល​ទេ នៅ​ដើមឆ្នាំ២០២៣ខាងមុខនេះ ព្រលានយន្តហោះ​អន្តរជាតិ​ខ្នាត​ធំថ្មី​នៃ​ខេត្តសៀមរាប អាច​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ ហើយ​ដាក់​ដំណើរការ​ស្របគ្នា ជាមួយនឹង​គម្រោង​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ខេត្តកណ្តាល ខណៈដែល​បច្ចុប្បន្ន​សក​ម្ម​ភាព នៃ​ការសាងសង់​កំពុងតែ​មមាញឹក ដោយ​ធ្វើឡើង​ទាំងថ្ងៃទាំងយប់ និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ប្រមាណ៨០០នាក់។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក​សុខ ចិន្តា​សោភា បាន​មានប្រសាសន៍​នៅក្នុង​កិច្ច​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព នៃ​ការសាងសង់​ព្រលានយន្ដហោះ​អន្តរជាតិ​ថ្មី​នៃ​ខេត្តសៀមរាប នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា គម្រោង​វិនិយោគ​នេះ គឺជា​គម្រោង​អាទិភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា-ចិន ក្រោម​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា រវាង​ក្រុមប្រឹក្សា​អ​វឌ្ឍន៍​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​កំណែទម្រង់ និង​អភិវឌ្ឍន៍​ចិន ស្ដីពី កិច្ចសហប្រតិបត្តិការ​វិនិយោគ និង​សមត្ថភាព​ផលិត។

ជាមួយគ្នានេះ លោក​បាន​វាយតម្លៃ​យ៉ាងខ្ពស់ ទៅលើ​ការយកចិត្តទុកដាក់រ​បស់​ក្រុមហ៊ុន​ជំនាញ ដែល​ទទួល​ម៉ៅការ​សាងសង់​ព្រលានយន្ដហោះ​អន្តរជាតិ​ថ្មី នៃ​ខេត្តសៀមរាប​នេះ បើទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺឆ្លង​ក៏ដោយ ដែល​វា​ជាការ​បង្ហាញ​ពី​ភាព​ទទួលខុសត្រូវ​ខ្ពស់ ទៅ​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប កំពុង​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន Angkor International Airport Investment (AIAI) ដែលជា​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ខេត្ត​យូ​ណាន ប្រទេស​ចិន ក្នុង​ទឹកប្រាក់​ចំនួន៩៦២លាន​ដុល្លារ។

ព្រលានយន្តហោះ​ថ្មី​នេះ សាងសង់​នៅលើ​ផ្ទៃដី​ប្រមាណ៧០០ហិកតា និង​គ្រោង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅត្រឹម​អំឡុង​ខែតុលា ឆ្នាំ២០២២ និង​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ខែមីនា ឆ្នាំ២០២៣ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here