ដោយៈ ប៊ី
ភ្នំពេញៈ គម្រោងខុនដូជាច្រើនបានបញ្ចប់ការសាងសង់ និងបើកដំណើរការនៅភ្នំពេញ ខណៈតម្លៃខុនដូបាននិងកំពុងធ្លាក់ចុះ ដែលជាឱកាសសម្រាប់អ្នកវិនិយោគរកផលចំណេញក្នុងរយៈពេលវែង។
កញ្ញាគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់ក្រុមហ៊ុន CBRE Cambodia បានលើកឡើងចុងសប្តាហ៍កន្លងមកនេះថា នៅក្រុងភ្នំពេញមានគម្រោងខុនដូចំនួន ៧២ ស្មើនឹងបន្ទប់ស្នាក់នៅសរុប ២០,៨៥០យូនីត បានបញ្ចប់ការសាងសង់ និងបើកដំណើរការគិតមកដល់ពេលនេះ។
ស្ថានភាពទីផ្សារខុនដូ នៅរាជធានីភ្នំពេញចាប់ពីដើមឆ្នាំ២០២០ មិនសូវមានភាពល្អប្រសើរទេ ព្រោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានធ្វើឲ្យចំនួនភ្ញៀវបរទេសដែលស្នាក់នៅ និងធ្វើដំណើរមកកម្សាន្តនៅកម្ពុជាធ្លាក់ចុះយ៉ាងច្រើន។
កញ្ញាគឹម គិនកេសាបន្តថា ខុនដូ ជាទីផ្សារពេញនិយមខ្លាំងសម្រាប់ជនបរទេស ហេតុនេះនៅពេលជនបរទេសចាកចេញច្រើន ផលប៉ះពាល់ដល់ទីផ្សារនេះប្រាកដជាកើតមាន ដោយចៀសមិនផុត។ កញ្ញាបន្ថែមថា “កូវីដ១៩ បានធ្វើឲ្យចំនួនភ្ញៀវបរទេសដែលស្នាក់នៅ និងធ្វើដំណើរមកកម្សាន្តនៅកម្ពុជាធ្លាក់ចុះយ៉ាងច្រើន ជាហេតុធ្វើឲ្យបន្ទប់ខុនដូ នៅសល់ក៏កើនច្រើនដែរ” ។
ស្របពេលស្ថានភាពនៃជំងឺកូវីដ ១៩ នៅបន្តការគំរាមកំហែងជាសកលនោះកញ្ញា គិនកេសា បាននិយាយថា បើតាមស្ថានភាពនៃការបន្តឆ្លង របស់ជំងឺកូវីដ១៩ វិស័យខុនដូនៅកម្ពុជា នឹងនៅតែបន្តទទួលរងផលអវិជ្ជមានជាបន្តទៀត ក្នុងត្រីមាសទី៣ឆ្នាំនេះ។
កញ្ញាអះអាងថា “ខ្ញុំគិតថាតម្លៃលក់ និងជួលខុនដូនៅភ្នំពេញ នឹងបន្តធ្លាក់ចុះទៀតក្នុងត្រីមាសទី៣នេះ ព្រោះចំនួនជនបរទេសដែលធ្វើដំណើរមកកម្ពុជា នៅមិនទាន់មានចំនួនច្រើនដូចមុនពេលការផ្ទុះឡើងនៃជំងឺកូវីដ១៩នោះទេ” ។
នៅកម្ពុជា ខុនដូប្រណីតមានតម្លៃជាមធ្យម៣ ០៤១ ដុល្លារ ក្នុង១ម៉ែត្រការ៉េធ្លាក់ ៣,៩៨ ភាគរយ ធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២។ ខុនដូប្រភេទមធ្យមមានតម្លៃ ២ ៤៤១ដុល្លារ ធ្លាក់៤,៦១ភាគរយ និងប្រភេទតម្លៃសមរម្យមានតម្លៃជាមធ្យម១៥៣៩ ដុល្លារធ្លាក់ចុះ០,៦៥ភាគរយ៕