ដោយៈ រ៉ាណេត
ភ្នំពេញៈ អនុវត្តតាមគោលការណ៍ ដែលកំណត់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្ដីពី ការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ និងមោឃៈភាពនៃបណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់ដីធ្លី នៅត្រឹមចុងខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ បណ្ណសម្គាល់កម្មសិទ្ធិដីធ្លីនៅតំបន់មួយចំនួន ក្នុងខណ្ឌច្បារអំពៅ នឹងត្រូវអស់សុពលភាព។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃចុងសប្ដាហ៍នេះបានបញ្ជាក់ថា បណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់ដីធ្លីចាស់ ដែលស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នឹងត្រូវផុតសុពលភាព ដោយជំនួសបណ្ណសម្គាល់កម្មសិទ្ធិជំនួសស្របតាមផ្លូវច្បាប់។
នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ស្ដីពី នីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដី ដែលស្ថិតនៅក្នុងតំបនវិនិច្ឆ័យក្នុងតំបន់ខាងលើចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ។
ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (បណ្ណស្លាបមាន់)ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមក ក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ខាងលើនេះតទៅ។
យោងអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីការកែសម្រួលមាត្រា៦ មាត្រា៧ នៃអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និសៀវភៅគោលបញ្ជីដីធ្លី ដែលតម្រូវឱ្យម្ចាស់ក្បាលដីទាំងអស់ចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។
សេចក្ដីដូចបានជម្រាបខាងលើនេះ សូមម្ចាស់ក្បាលដីស្ថិតនៅក្នុងទីតាំងខាងលើដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក ត្រូវយកបណ្ណទាំងនោះមកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសូរិយោដី នៅភូមិចុងព្រែក១ សងហ្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ជាកំហិត។
ដោយឡែក ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬដាក់ធានា ពាក់ព័ន្ធនឹងកបាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះមកជូនមន្ត្រីរដ្ឋបាល សុរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕