សម្តេច​តេ​ជោ៖ ផ្លូវជាតិ​លេខ៣នឹង​បញ្ចប់​ការសាងសង់​តាម​ផែនការ​កំណត់

0

ដោយៈ ប៊ី

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ៣ពី​ភ្នំពេញ ទៅ​ខេត្តកំពត គ្រោង​នឹង​បញ្ចប់​ការសាងសង់​ទៅតាម​គម្រោង​ផែនការ ដោយ​គ្មាន​ការរំខាន​ពី​ជំងឺ​កូ​វីដ-១៩ ។

សម្តេច​តេ​ជោ បាន​សរសេរ​នៅលើ​ផេ​ក​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​នៅ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ៣ គិត​រហូតមក​ដល់ពេលនេះ សម្រេចបាន​ប្រមាណ​ជាង ៧០ភាគរយ​ហើយ ដែល​គ្រោង​នឹង​បញ្ចា​ប់​នៅក្នុង​ឆ្នាំ២០២២ ខាងមុខ។

សម្ដេច​តេ​ជោ​បាន​ថ្លែងថា “ទោះបីជា​ពេលនេះ​បញ្ហា​ជំងឺ​កូ​វីដ-១៩ កំពុង​រាតត្បាត​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ខ្លះ​ក៏ដោយ ក៏​សកម្មភាព​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ៣ នៅតែ​បន្ត​កសាង​យ៉ាងសកម្ម​ឱ្យបាន​ចប់​ទៅតាម​គម្រោង​ផែនការ” ។

សម្តេច​បន្តថា “ផ្លូវជាតិ​លេខ៣ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ អ្នកទេសចរ និង​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ផងដែរ” ។

គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ៣ ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត ត្រូវបាន​បើក​ការដ្ឋាន​កាលពី​ដើមខែ ឧសភា ឆ្នាំ២០១៨ ក្រោម​អធិបតីភាព​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ច​កម្ពុជា។

ផ្លូវ​នេះ​មាន​ប្រវែង​សរុប១៣៤,៨២៦ គីឡូម៉ែត្រ​នេះ ត្រូវបាន​ចែកជា​ពីរ​ដំណាក់កាល ដំណាក់កាល​ទី១ពី​ចោមចៅ(ភ្នំពេញ) ទៅ​បែក​គូស​ប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់២៤,៥ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង(២គន្លង​ទៅ២គន្លង​មក)។

ដំណាក់កាល​ទី២ ពី​បែក​គូស​ទៅ​ក្រុង​កំពត​ប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ACកម្រាស់៧សង់ទីម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

គម្រោង​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២១៩,៩១១ លាន​ដុល្លារ​អាម​រិ​ក ជា​ហិរញ្ញប្បទាន សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​នឹង​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​សាងសង់​ដោយ ក្រុមហ៊ុន​សារ​ជីវ​កម្ម​ស្ពាន​និង​ថ្នល់​ចិន (China Road and Bridge Corporation) ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស​សំណង់​ក្វាង​ចូ​វ វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here