ក្រុមហ៊ុន​ចិនធំៗចំនួន២បាន​នឹង​កំពុង​សិក្សា និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធនៅ​ទូទាំងប្រទេស​កម្ពុជា

0

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនធំៗរបស់​ប្រទេស​ចិន​ចំនួន​ពីរ បានទទួល​ធ្វើការ​សិក្សា និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធធំៗនានា​ផ្លូវ និង​ស្ពាន​ច្រើនជាងគេ​នៅ​ទូទាំងប្រទេស​កម្ពុជា​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចសង្គម និង​ដឹកជញ្ជូន​នៅ​កម្ពុជា។

លោក​វ៉ា​ស៊ីម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២០នេះ​ឱ្យដឹងថា ក្រុមហ៊ុន​ចិន​ទាំងពីរ​នេះ រួមមាន​ក្រុមហ៊ុន Shanghai Group និង​ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ជា​ក្រុមហ៊ុន​ធំជាងគេ ដែល​ទទួលបាន​គម្រោង​សិក្សា និង​សាងសង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំងប្រទេស​កម្ពុជា។

លោក​បន្តថា “ក្រុមហ៊ុន​ទាំងពីរ​នេះ​បានទទួល​សិក្សា និង​សាងសង់​លើ​គម្រោង​ផ្លូវជាតិ ផ្លូវ​ល្បឿន ផ្លូវ​ខេត្តធំៗ និង ស្ពាន​នៅ​ទូទាំងប្រទេស។ តែ​យ៉ាងណា​ក៏​ក្រុមហ៊ុន​ទាំងពីរ​នេះ មិន​ទទួលបាន​គម្រោង​សាងសង់​ផ្លូវដែក កំពង់ និង​អាកាសយានដ្ឋាន​នោះទេ “ ។ លោក​បន្ថែមទៀតថា “គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​ដែល​សិក្សា និសា​ង​សង់​នៅ​កម្ពុជា​នៅតែ​ដំណើរការ​ធម្មតា និង​ធ្វើ​ទៅតាម​ផែនការ​របស់ខ្លួន ពុំមាន​ការផ្អាក​សកម្ម​ភាព​នោះទេ បើទោះបី​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​សកល ដោយសារ​ការផ្ទុះ​ឡើង​នូវ​ជំងឺ Covid-19 ” ។

លោក​សូរិយា​បាន​បន្ថែមទៀតថា ជាទូទៅ​ក្រុមហ៊ុន​ចិន ដែល​ទទួលបាន​គម្រោង​សាងសង់​នៅ​កម្ពុជា មាន​ស្ថានភាព​លឿន ដោយ​សារបាន​សិក្សា​ពី​តម្លៃ និង​គម្រោង​ចំណាយ​នានា​មាន​ភាពច្បាស់លាស់​ត្រឹមត្រូវ។

លោក​បន្តថា “តាម​ការកត់សម្គាល់រ​បស់​ខ្ញុំ គឺ​ក្រុមហ៊ុន​ចិន​សិក្សា​គម្រោង​ដោយ​ខ្លួនឯង ហើយ​បន្ត​សាងសង់​ថែមទៀត ជាមួយគ្នានេះ ក៏មាន​ក្រុមហ៊ុន​មួយទៀត ដែល​ត្រូវបាន​បញ្ជូន​ពី​រដ្ឋាភិបាល​ចិន មក​ត្រួតពិនិត្យ​ពីលើ ដើម្បីឱ្យ​ដំណើរ​ការសង​សង់​ស្របតាម​ស្តង់ដារ​របស់​ចិន” ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មាន​កន្ល​ងក​នេះ​ថា ប្រទេស​ចិន គឺជា​ប្រទេស​ដែល​បានផ្តល់​ហិរញ្ញប្បទាន​ច្រើនជាងគេ សម្រាប់​ការសាងសង់​ផ្លូវថ្នល់ និង​ស្ពាន​នៅ​កម្ពុជា ដែល​គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រួមមាន​ផ្លូវថ្នល់​ប្រើប្រាស់​ហិរញ្ញប្បទាន និង​ជំនួយឥតសំណង​របស់​ចិន បាន​សាងសង់​រួចរាល់​មាន​ចំនួន២៧ខ្សែ ស្មើនឹង​ប្រវែង​សរុប ២៧៧៩ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ១៦៣៦លាន​ដុល្លារ​អាមេរិក។

ដោយឡែក​គម្រោង​ដែល​កំពុង​សាងសង់ មាន​ចំនួន៥ខ្សែ ស្មើនឹង​ប្រវែង​ប្រមាណ៤៩៧.២០គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ៧៥៨.៨៣លាន​ដុល្លារ​អាមេរិក។

លោក​បាន​បន្ថែមទៀតថា “ផ្លូវថ្នល់ និង​ស្ពាន បាន​ដើរតួនាទី​យ៉ាងសំខាន់​ណាស់​សម្រាប់​ប្រើប្រាស់ ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ តាមរយៈ​ការដឹកជញ្ជូន ដូច្នេះ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ជម្នះ ដើម្បី​សម្រេច​ឱ្យបាន​ទៅតាម​ផែនការ ដែល​បាន​គ្រោងទុក” ។

ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ស្ពានធំៗ ដែល​បាន​សាងសង់​រួច​មាន​ចំនួន៨ស្ពាន មាន​ប្រវែង​សរុប៧៤៣៤ ម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ២៣៣ លាន​ដុល្លារ​អាមេរិក និង​ស្ពាន​កំពុង​សាងសង់ ដូចជា ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និង​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ (សិត្បូ) នៃ​គម្រោង​ខ្សែក្រវាត់​ក្រុង​ទី៣ជាដើម ដែលមាន​ប្រវែង​សរុប ២ ១២៧ម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ១១៣លាន​ដុល្លារ​អាមេរិក។

សរុប​គម្រោង ដែល​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ និង​ជំនួយឥតសំណង​របស់​ចិន​ដែល​បាន​សាងសង់​រួច និង​កំពុង​សាងសង់​មាន​ទឹកប្រាក់ សរុប​រហូតដល់​ប្រមាណ ២៧៤១លាន​ដុល្លារ​អាមេរិក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here