សេដ្ឋកិច្ចប្រទេសលីបង់ធ្លាក់ចូលវិបត្តិរួចទៅហើយ មុនពេលឧបទ្ទវហេតុផ្ទុះដ៏ធំកើតឡើងនៅរដ្ឋធានីរបស់ខ្លួន

0

ដោយ ប៊ី

អន្តរជាតិៈ ឧបទ្ទវហេតុផ្ទុះដ៏ធំមួយ នៅរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ បាននិងកំពុងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ។

កាលពីថ្ងៃអង្គារសប្តាហ៍មុន ការផ្ទុះដ៏ធំមួយនៅកំពង់ផែទីក្រុង បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៣៥ នាក់ស្លាប់ និង៥.០០០ នាក់រងរបួស។ ចំនួនអ្នកស្លាប់ត្រូវបានរំពឹងថានឹងកើនឡើង ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។

ការផ្ទុះដែលបានធ្វើឱ្យតំបន់បេរូតខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានផ្លាស់ទីលំនៅប្រជាជនចំនួន៣០០.០០០ នាក់ មិនគួរកើតឡើងនៅពេលនេះទេ។

កាលពីមួយឆ្នាំកន្លងមក ការធ្លាក់ចុះនៅក្នុងប្រព័ន្ធធនាគារ និងអតិផរណាកើនឡើងយ៉ាងខ្លាំង បានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ។ សូម្បីតែមុនពេលមានការរីករាលដាលនៃជំងឺCovid-19 ក៏ដោយធនាគារពិភពលោកបានព្យាករណ៍ថា ប្រជាជនចំនួន៤៥ ភាគរយ នៅក្នុងប្រទេសលីបង់នឹងស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រក្នុងឆ្នាំ ២០២០។

លោកTamara Alrifai អ្នកនាំពាក្យនៅទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួននៅតំបន់ប៉ាឡេស្ទីនបាននិយាយថា “វា (លីបង់) មានវិបត្តិសេដ្ឋកិច្ច វិបត្តិហិរញ្ញវត្ថុ វិបត្តិនយោបាយ វិបត្តិសុខភាព ហើយឥឡូវនេះមានការផ្ទុះដ៏គួរឱ្យរន្ធត់ទៀត”។

បណ្តាប្រទេសនៅអឺរ៉ុបជាច្រើន បានបញ្ជូនជំនួយ ដើម្បីជួយប្រទេសលីបង់គ្រប់គ្រ​ងការធ្លាក់ចុះពីការផ្ទុះនេះ ហើយធនាគារកណ្តាលរបស់ប្រទេស បានស្នើដល់អ្នកផ្តល់កម្ចី ដើម្បីផ្តល់កម្ចីការប្រាក់ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដូច្នេះប្រជាជននិងអាជីវកម្មអាចកសា​ងឡើងវិញបាន។ ប៉ុន្តែគេរំពឹងថា ម្ចាស់ជំនួយមួយចំនួនប្រហែល ជាអាចត្រូវបានរារាំងដោយអំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវ។

ប្រធានាធិបតីបារាំងលោកEmmanuel Macron ដែលត្រូវបានហ្វូងមនុស្សខឹងសម្បារ ក្នុងកំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងបៃរូត ដែលត្រូវបានបំផ្លិចបំផ្លាញកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា បារាំងនឹងផ្តល់ថ្នាំពេទ្យ និងអាហារ ប៉ុន្តែមិនមែនតាមរយៈមន្រ្តីពុករលួយទេ។

លោកបានប្រាប់ក្រុមអ្នកតវ៉ាលីបង់ថា “ជំនួយនេះ ខ្ញុំធានាថានឹងមិនបញ្ចប់ដោយដៃពុករលួយឡើយ”។

លោកMacron បានប្រាប់អ្នកយកព័ត៌មានថា បារាំងនឹងជួយរៀបចំសន្និសីទអន្តរជាតិមួយ ដើម្បីរៃអង្គាសថវិកាសម្រាប់ប្រទេសលីបង់។ លោកបានសន្យាថា “អភិបាលកិច្ចច្បាស់លាស់ និងមានតម្លាភាព មិនថាបារាំងឬអន្តរជាតិ “ដើម្បីធានាថាថវិកា” ត្រូវបានផ្តល់ដោយផ្ទាល់ដល់ប្រជាជន អង្គការក្រៅរដ្ឋាភិបាល និងក្រុមនៅនឹងកន្លែងដែលត្រូវការវា”៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here