ដោយ វុត្ថា
ភ្នំពេញ៖ វិវាទរវាងអ្នកអភិវឌ្ឍអចលនវត្ថុ និងអ្នកទិញពាក់ព័ន្ធកិច្ចសន្យាលក់ ទិញអចលនវត្ថុ អាចជាកម្មវត្ថុនៃការសម្រុះសម្រួល និងផ្សះផ្សាដោយក្រសួង ឬមន្ទីរ។ ក្រសួង ឬមន្ទីរសម្រុះសម្រួល និងផ្សះផ្សាវិវាទ តាមការស្នើសុំរបស់ភាគីវិវាទក្នុងរយៈពេល ០២(ពីរ) ខែ យ៉ាងយូរ។
ការផ្សះផ្សាវិវាទ អាចឈានទៅដល់ការចុះកិច្ចព្រមព្រៀងផ្សះផ្សា ដែលត្រូវចុះហត្ថលេខាដោយគូភាគីវិវាទ និងមានការទទួលដឹងឮដោយនាយកដ្ឋាន ឬមន្ទីរ។ កិច្ចព្រមព្រៀងផ្សះផ្សា មានអានុភាពអនុវត្តភ្លាមៗ ចំពោះគូភាគី។
គូភាគីវិវាទ ដែលមិនពេញចិត្តចំពោះសេចក្តីសម្រេច ឬវិធានការផ្សេងៗរបស់ក្រសួង ឬមន្ទីរ មានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ាមកក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុន នឹងអនុវត្តដីតិវិធីបណ្តឹងទៅតុលាការ លើកលែងតែរឿងព្រហ្មទណ្ឌ។
ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដោះស្រាយបណ្ដឹងក្នុងរយៈពេល ៩០ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយពីទទួលបានពាក្យបណ្តឹងតវ៉ា ឬក្នុងរយៈពេលមួយសមស្រប។ក្នុងការដោះស្រាយវិវាទ ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចអញ្ជើញភាគីពាក់ព័ន្ធវិវាទ ដើម្បីសាកសួរ ឬផ្តល់ភស្តុតាង តាមការចាំបាច់។
សេចក្តីសម្រេចស្តីពីការដោះស្រាយវិវាទ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោយមានបញ្ជាក់អំពីអង្គហេតុ សំអាងហេតុ និងការសន្និដ្ឋាន។ក្នុងករណីមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានីតិកម្ម ភាគីវិវាទអាចដាក់ពាក្យបណ្តឹងតវ៉ាទៅតុលាការមានសមត្ថកិច្ច ដោយអនុលោមតាមបទប្បញ្ញត្តិជាធរមាន៕