ដោយ វុត្ថា
ភ្នំពេញៈ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ គឺជាគោលនយោបាយជាតិ ដើម្បីចូលរួមចំណែកក្នុងដំណើរការផ្លាស់ប្តូរ និងលើកស្ទួយការអភិវឌ្ឍមុខរបរ និងការងារសមរម្យនៅកម្ពុជា ការកែប្រែ និងធ្វើទំនើបកម្មនៃរចនាសម្ព័នឧស្សាកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញ និងការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារ។
ការអនុវត្តគោលនយោបាយជាតិស្តីពី មុខរបរ និងការងារឆ្នាំ២០១៥-២០២៥ នេះ ទាមទារឲ្យមាននូវកិច្ចសហការយ៉ាងស្អិតរមួត និងប្រកបដោយការទទួលខុសត្រូវខ្ពស់ពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ដើម្បីលើកស្ទួយការអភិវឌ្ឍមុខរបរ និងការងារសមរម្យនៅកម្ពុជា។
គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ មិនត្រឹមតែមានគោលបំណងជួយលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ការអភិវឌ្ឍន៍ជំនាញ និងធនធានមនុស្ស នៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែគោលនយោបាយនេះ ក៏មានវិធានការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ពលករកម្ពុជាដែលកំពុងធ្វើការនៅក្រៅធ្វើប្រទេសផងដែរ។
ក្រោមការផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពី មុខរបរ និងការងារកម្ពុជាឆ្នាំ២០១៥-២០២៥នេះ ដោយមានកិច្ចសហការ និងជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ (ILO) ។ គោលនយោបាយជាតិនេះ ត្រូវបានរាជរដ្ឋាភិបាលអនុម័តនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ និងត្រូវបានប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្តនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕