ដោយ វុត្ថា
ភ្នំពេញៈ ការនាំចូលទំនិញត្រូវធ្វើក្នុងក្របខ័ណ្ឌផ្សេងៗគ្នា ប៉ុន្តែការនាំចូលទំនិញក្នុងក្របខ័ណ្ឌមនុស្សធ៌ម ជាឥណទាន ជំនួយឥតសំណងជាដើម ត្រូវមាននិតិវិធីដាច់ដោយឡែកពីគ្នាផងដែរ។
តាមពិត ការនាំចូលទំនិញក្រោមក្របខ័ណ្ឌជំនួយឥតសំណង (ទ្វេភាគី ពហុភាគី អង្គការមិនមែន រដ្ឋាភិបាល) មុនការស្នើសុំលិខិតអនុញ្ញាតគយនាំចូល ដើម្បីនាំចូលឧបករណ៍ សម្ភារ គ្រឿងចក្រ យានយន្ត និង ផលិតផលតេលសិលាដោយពន្ធ និងអាករជាបន្ទុករបស់រដ្ឋ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងសម្រាប់ អនុវត្តគម្រោងឬបម្រើក្នុងការិយាល័យរបស់ភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ ភ្នាក់ងារអនុវត្តគម្រោង (រួមមាន ក្រសួងនិងស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា និង/ឬ ស្ថាប័នផ្តល់ហិរញ្ញប្បទានឥតសំណងនៃដៃគូ អភិវឌ្ឍន៍ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល) ។
អ្នកអនុវត្តគម្រោង ត្រូវស្នើសុំការអនុញ្ញាតឲ្យ នាំចូលដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/ គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍ (ក.អ.ក/គ.ជ.នា) ។
បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យនាំចូលទំនិញ ដោយពន្ធ និងអាករជាបន្ទុករបស់រដ្ឋ ពីក.អ.ក/គ.ជ.នា អ្នកនាំចូលខាងលើ ត្រូវស្នើសុំលិខិតអនុញ្ញាតគយនៅ អគរ (នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយ នូវឯកសារចាំបាច់នានារួមមាន៖
- លិខិតអនុញ្ញាតឲ្យនាំចូលទំនិញដោយពន្ធ និងអាករជាបន្ទុករបស់រដ្ឋពីក.អ.ក/គ.ជ.នា
- លិខិតស្នើសុំការអនុញ្ញាតឲ្យនាំចូលដោយពន្ធ និងអាករជាបន្ទុករបស់រដ្ឋពីក.អ.ក/គ.ជ.នា។
- វិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ និង ឯកសារដឹកជញ្ជូន លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀតក្នុងករណីចាំបាច់៕