ដោយ វុត្ថា
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាពន្យល់ថា ការធ្វើវិមជ្ឈការតម្លៃគិតពន្ធគយ មានគោលបំណងបង្កភាពងាយស្រួលបន្ថែមទៀត ដល់ការនាំចេញ នាំចូលតាមរយៈការកាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធ នឹងការបំពេញបែបបទបញ្ចេញទំនិញពីគយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៥ ការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ ត្រូវបានធ្វើវិមជ្ឈការទៅបណ្តាអង្គភាពគយ និងរដ្ឋាករមូលដ្ឋាននានា នៅតាមមាត់ច្រកព្រំដែននៃកម្ពុជា លើកលែងតែសាខាគយនិងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពន្យល់ថា រាល់ការនាំចូលតាមមាត់ច្រកនានាក្រៅពីកំពង់ផែអន្តរជាតិទាំងពីរខាងលើ ធុរជនអាចទៅផ្ទៀងផ្ទាត់តម្លៃ គិតពន្ធគយនៅតាមអង្គភាពគយ និងរដ្ឋាករមូលដ្ឋានតែម្តង លើកលែងតែការនាំចូលមុខទំនិញ មានហានិភ័យខ្ពស់មួយចំនួន ដូចជាមុខទំនិញប្រើរួច យានយន្តគ្រប់ប្រភេទ សម្ភារបរិក្ខារទូរគមនាគមន៍ ផលិតផលតេលសិសា និងបរិក្ខារល្បែងជាដើម ដែលជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនៅទីចាត់ការកណ្តាល (នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ)។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិងកំពុងពិនិត្យលទ្ធភាពនៃការធ្វើវិមជ្ឈការនេះ ឲ្យមានភាពគ្របដណ្តប់ពេញលេញ នៅគ្រប់អង្គភាពគយនិងរដ្ឋាករមូលដ្ឋានទូទាំងប្រទេស៕