ដោយ វុត្ថា
ភ្នំពេញៈ ចក្ខុវិស័យស្តីពីគោលនយោបាយដីធ្លីនៅកម្ពុជា គឺដីធ្លីត្រូវបានគ្រប់គ្រង រៀបចំ និងបែងចែកតាមរបៀបមួយ ដើម្បីរួមចំណែកធ្វើឱ្យសម្រេចនូវគោលដៅជាតិដ៏ទូលំទូលាយក្នុងការកាត់បន្ថយភាពក្រីក្រ។
ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមសេដ្ឋកិច្ចប្រកបដោយសមធម៌ អភិបាលកិច្ចល្អនៅក្នុងសង្គមប្រជាធិតេយ្យ ដែលតម្រង់ទិសទៅរកទីផ្សារដូចបានពិពណ៌នា នៅក្នុងសេចក្តីប្រកាសស្តីពីគោលនយោបាយដីធ្លី។
យោងតាមឯកសាររបស់ក្រសួងរៀបចំដី នគរូបនីយកម្មនិងសំណង់ស្តីពី ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃគោលនយោបាយដីធ្លីបានឱ្យដឹងថា ចក្ខុវិស័យនេះ ត្រូវបានបែកនៅក្នុងទិដ្ឋភាពធំ៣គឺ៖
១) ដីត្រូវបានគ្រប់គ្រងតាមវិធី ដែលធ្វើឱ្យសិទ្ធិលើអចលនទ្រព្យ មានភាពច្បាស់លាស់ និងមានសុវត្ថិភាព ធ្វើឱ្យការផ្ទេរជាផ្លូវការនូវសិទ្ធិទាំងនោះ មានភាពងាយស្រួល និងល្មមអាំចំណាយបាន។ វិវាទនឹងថយចុះជាលំដាប់ ហើយចំពោះករណីណាដែលមានលទ្ធភាពអាចដោះស្រាយបាន នឹងដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ។
២) ដីត្រូវបានរៀបចំតាមវិធីមួយ ដែលធ្វើឱ្យការប្រើប្រាស់បានល្អ ប្រកបដោយចីរភាព និងត្រឹមត្រូវតាមបែបបទបរិស្ថាន។ នៅក្នុងតំបន់ច្រើន ការប្រើប្រាស់ដីទាមទារឱ្យមានតុល្យភាពរវាងអ្នកប្រើប្រាស់ទាំងឡាយ និងការប្រើប្រាស់ច្រើនគោលដៅ ទន្ទឹមនេះទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធនានា។
៣) ដីរដ្ឋត្រូវបានការពារសម្រាប់ការប្រើប្រាស់ ជាសាធារណៈតាមកន្លែងណា ដែលសមនឹងប្រើ ក្រៅពីនោះត្រូវបែអចែកសំរាប់ជាប្រយោជន៍ឯកជន តាមរយៈដំណើរការដែលមានតម្លៃភាព។
ពេលសម្រេចបានចក្ខុវិស័យទាំងនេះ នឹងអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់ដីប្រកបដោយប្រសិទ្ធិភាព សម្រាប់គោលដៅសេដ្ឋកិច្ច និងសង្គមកិច្ច និងធ្វើឱ្យមានការដោះដូរដីធ្វើបានដោយសេរី ព្រមទាំងទទួលបានផលចំណេញពីដី ដែលជាបិតិកភណ្ឌសាធារណៈ ៕