ដោយ ហ្សូលី
ភ្នំពេញៈ ទីផ្សារខុនដូកំពុងមានភាពរីកចម្រើន និងសាយភាយពាសពេញទីក្រុង គួបផ្សំទៅតាមបណ្តារខេត្តមានសក្តានុពលមួយចំនួន។ យ៉ាងណាមិញ អ្នកជំនាញបានបង្ហើបពីខេត្តចំនួន២ ហាក់មានការអភិវឌ្ឍយ៉ាងផុសផុលទៅលើវិស័យខុនដូ។
លោកខន គង្គារ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០នេះថា ខេត្តដែលមានសក្តានុពល លើខុនដូច្រើនជាងបណ្តាខេត្តទូទៅនៅកម្ពុជា គឺខេត្តព្រះសីហនុ និងខេត្តសៀមរាប។
លោកបន្តថា “សក្តានុពលខេត្តព្រះសីហនុកំពុងផ្ទុះជាខ្លាំង បើសិនជាបងប្អូនដែលខានទៅលេងកម្សាន្តនៅខេត្តព្រះសីហនុយូរ ច្បាស់ជាមើលលែងស្គាល់ហើយ ព្រោះខេត្តបានផ្លាស់ប្តូររូបរាងដូចទៅនឹងប្រទេសចិន ឬប្រទេសសិង្ហបុរីទៅហើយ ដោយសារតែមានអគារខ្ពស់ៗជាច្រើន លូតត្រដែតដូចផ្សិត” ។ លោកបន្តថា “មិនតែប៉ុណ្ណោះ មានអ្នកវិនិយោគបរទេសជាច្រើន បានចាប់អារម្មណ៍ទៅលើទឹកដីជាប់មាត់សមុទ្រជាច្រើន” ។
ក្នុងនាមជាអ្នកប្រឡូកលើវិស័យអចលនទ្រព្យ ជាពិសេសវិស័យខុនដូ លោក ខន គង្គារ បានបញ្ជាក់ទៀតថា ថ្វីត្បិតការអភិវឌ្ឍលើគម្រោងខុនដូច្រើនក៏ពិតមែន ប៉ុន្តែគម្រោងល្អៗមិនប្រាកដថា មានច្រើនដូចចំនួនអគារនោះឡើយ។
ខេត្តមួយទៀតនោះ គឺខេត្តសៀមរាប ដែលលោកបានបញ្ជាក់ថា សម្រាប់ខេត្តសៀមរាប គម្រោងខុនដូមិនមានជាលក្ខណៈធំៗច្រើនជាន់ ដូចនៅក្នុងទីក្រុងភ្នំពេញ ឬនៅក្រុងព្រះសីហនុឡើយ។ កម្ពស់ខុនដូមានប្រមាណត្រឹម៥ជាន់តែប៉ុណ្ណោះ ដោយហេតុថា វាជាគោលការណ៍របស់អាជ្ញាដែលគ្រប់គ្រងនៅតំបន់នោះ។
សក្តានុពលតំបន់នេះ មិនមែនពឹងផ្អែកតែនៅលើអ្នកវិនិយោគទេ តែវិស័យទេសចរណ៍ គឺជាស្នូលក្នុងការជម្រុញវិស័យអចលនទ្រព្យខេត្តទាំងមូល។ នៅពេលភ្ញៀវទេសចរទៅដល់គោលដៅទេសចរណ៍ណាមួយ ច្បាស់ណាស់ថា អ្នកអភិវឌ្ឍចាប់ផ្តើមសម្រុកទៅតំបន់នោះ ដោយសារកំណើនតម្រូវការជាចាំបាច់នៅលើទីផ្សារ។ ជាពិសេស ពួកគេត្រូវការស្នាក់នៅជាលក្ខណៈឯកជន មានផាសុកភាព និងមានតម្លៃសមរម្យ ស័ក្តិកសមសម្រាប់ការរស់នៅ និងស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន៕