ដោយវុត្ថា
ភ្នំពេញៈ ផ្អែកតាមចំណុច២ នៃសេចក្ដីជូនដំណឹងលេខ០០៦ ម្ចាស់អចលនទ្រព្យទាំងអស់ ទោះត្រូវជាប់ឬមិនត្រូវ ជាប់ពន្ធលើអចលនទ្រព្យក្ដី ត្រូវបំពេញព័ត៌មានអចលនទ្រព្យរបស់ខ្លួន ក្នុងទម្រង់លិខិតព័ត៌មានអចលនទ្រព្យ (ឧបសម្ព័ន្ធ) ផ្ដល់ឱ្យដោយសាលាសង្កាត់ ហើយត្រូវប្រគល់ឱ្យសាលាសង្កាត់វិញ ក្នុងរយៈពេលយ៉ាងយូរ១០ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីបានទទួលទម្រង់លិខិតព័ត៌មានអចលនទ្រព្យនោះ។
អ្នកជាប់ពន្ធ taxpayer មានកាតព្វកិច្ចត្រូវចុះបញ្ជី ដាក់លិខិតប្រកាស (ឧបសម្ព័ន្ធ)និងបង់ប្រាក់ពន្ធជូន រដ្ឋបាលសារពើពន្ធក្នុងភូមិសាស្ដ្រ ដែលអចលនទ្រព្យនោះស្ថិតនៅ។ ចំពោះអ្នកជាប់ពន្ធដែលមានអចលនទ្រព្យ ច្រើន ការចុះបញ្ជី ការដាក់លិខិតប្រកាស និងការបង់ប្រាក់ពន្ធលើអចលនទ្រព្យដាច់ដោយឡែកៗពីគ្នាដែរ។
ការចុះបញ្ជី ត្រូវភ្ជាប់មកជាមួយនូវឯកសារ ថតចម្លងចំនួន៣ប្រភេទ ជាអាទX (១) អត្ដសញ្ញាណបណ្ណ សញ្ជាតិខ្មែរឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស (២) សៀវភៅគ្រួសារ ឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ទីលំនៅ និង(៣)ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែល បញ្ជាក់ដោយអាជ្ញាធរឃុំ-សង្កាត់ឡើងទៅ។
ការដាក់លិខិតប្រកាសពន្ធលើអចលនទ្រព្យ ត្រូវធ្វើតាមទម្រង់កំណត់ដោយរដ្ឋបាលសារពើពន្ធចំនួន២ច្បាប់ ដែល១ច្បាប់ សម្រាប់រក្សាទុកនៅរដ្ឋបាលសារពើពន្ធ និង១ ច្បាប់ទៀត សម្រាប់ម្ចាស់អចលនទ្រព្យ។
ម្ចាស់អចលនទ្រព្យត្រូវគណនា ប្រាក់ពន្ធដោយខ្លួនឯង ដោយផ្អែកលើតម្លៃអចលនទ្រព្យ ដែលបានកំណត់ ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ។
ការបង់ពន្ធលើអចលនទ្រព្យ ត្រូវធ្វើឡើងជារូបិយវត្ថុជាតិ (ប្រាក់រៀល) ហើយត្រូវបង់យ៉ាងយឺតបំផុត ត្រឹមថ្ងៃទី៣០ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយ។ នៅក្នុងការអនុវត្ដន៍ ពន្ធលើអចលនទ្រព្យ ទើបតែត្រូវបានចាប់ប្រមូលនាឆ្នាំ២០១១ កន្លងមកនេះ ទោះបីជាពន្ធនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០ មកក៏ដោយ៕