ចំណេះដឹង! តើ​អ្វី​ជា​ការលក់​ឡាយឡុង​អចលនវត្ថុ​តាមផ្លូវ​តុលាការ?

0

ដោយ​វុត្ថា

ភ្នំពេញៈ ការលក់​ឡាយឡុង​អចលនទ្រព្យ​តាមផ្លូវ​តុលាការ សំដៅ​ដល់​ស្ថានភាព​មួយ​ដែល​តុលាការ ចាត់ចែង​លក់​ដោយ​បង្ខំ​នូវ​អចលនវត្ថុ ដែលជា​កម្មសិទ្ធិ​របស់​កូនបំណុល​នៃ​ការអនុវត្ត (អ្នកចាញ់) ទៅឱ្យ​សាធារណៈជន ដែលមាន​បំណង​ចង់​ទិញ​អចលនវត្ថុ​នោះ មក​ធ្វើជា​កម្មសិទ្ធិករ។

ចំពោះ​ប្រាក់​ដែល​បានមកពី​ការលក់​ឡាយឡុង អចលនទ្រព្យ​តាមផ្លូវ​តុលាការ​នឹង​យកទៅ​ចែក​ចំណែក​ឱ្យទៅ​ម្ចាស់បំណុល់​នៃ​ការអនុវត្ត (អ្នកឈ្នះ​ក្តី) និង​ម្ចាស់បំណុល​ដែលមាន​សិទ្ធិ​ទទួល​ចំណែក។

ឧទាហរណ៍៖ លោក​វិចិត្រ​បានឱ្យ​លោក ម៉ា​រ៉ា​ខ្ចីប្រាក់​ចំនួន១០ម៉ឺន​ដុល្លារ​អាមេរិក ហើយ​លោក ម៉ា​រ៉ា​សន្យាថា នឹង​សង​វិញ​ក្នុងអំឡុងពេល៦ខែ ប៉ុន្តែ​លុះដល់​ពេល​កំណត់ លោក​ម៉ា​រ៉ា មិនបាន​សង​ប្រាក់​ទៅ​លោក​វិចិត្រ​វិញ​ទេ។

លោក​វិចិត្រ ក៏បាន​ប្តឹងទៅ​តុលាការ ដើម្បី​ឱ្យចេញ​សាលក្រម​ឱ្យ​លោក​ម៉ា​រ៉ា សង​ប្រា​ក់មក​ខ្លួន​វិញ។ ក្រោយមក​តុលាការ​បានទទួល​ពាក្យបណ្តឹង និង​ចាត់ការ​តាម​នីតិវិធី​រហូត​ចេញ​សាលក្រម​តាម​ការទាមទារ​របស់​លោក​វិចិត្រ។

លោក​វិចិត្រ​ដាក់​ពាក្យសុំ​អនុវត្ត​សាលក្រម​នេះ ដោយ​សុំ​លក់​ដោយ​បង្ខំ​នូវ​អ​ល​ច​ន​វត្ថុ​ជា​ដី និង​ផ្ទះ​របស់លោក ម៉ា​រ៉ា​មក​តុលាការ។ ជា​លទ្ធផល តុលាការ​ចាត់ការ​នីតិវិធី ដោយ​រឹបអូស​អចលនវត្ថុ​នេះ ហើយ​ដាក់​ការលក់​ដោយ​ការផ្សាយ​ជា​សាធារណៈ ទើប​មាន​លោក​បូរ៉ា ចូលខ្លួន​មក​ដេញថ្លៃ​ទិញយក ក្នុងតម្លៃ១៥ម៉ឺន​ដុល្លារ​អាមេរិក។ ករណីនេះ លោក បូរ៉ា ត្រូវបានគេទទួលស្គាល់​ថា​ជា​ម្ចាស់​សិទ្ធិ​លើ​អចលនវត្ថុ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here