ដោយ វុត្ថា
ភ្នំពេញៈ យន្តការភាពជាដៃគូគយ-ផ្នែកឯកជនត្រូវបានបង្កើតឡើង ដោយប្រកាសលេខ៩០៦ សហវ.ប្រក ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីលើកទឹកចិត្តឲ្យមាន ការចូលរួមរបស់ផ្នែកឯកជន ក្នុងការជម្រុញនូវអនុលោមភាពច្បាប់ និងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។
យន្តការនេះ ត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ ក្នុងគោល បំណងលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចល្អ ប្រកបដោយសមធម៌សម្រាប់ផ្នែកឯកជនបន្ថែមទៀត។
ដើម្បីបង្កើនប្រសិទ្ធភាពនៃដំណើរយន្តការនេះ ដោយឈរលើស្មារតីភាពជាដៃគូស្នើភាពគ្នារវាងគយ និងផ្នែកឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចចេញប្រកាសលេខ៣២០សហវ.ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ស្តីពី ការកែសម្រួលសមាសភាពនិងកិច្ចដំណើរការភាព ជាដៃគូគយ-ផ្នែកឯកជន ដោយកែសម្រួលឲ្យមានសហប្រធានជាតំណាង អគរ និងផ្នែកឯកជនក្នុងសមសភាពថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសទាំងបី ។
ក្រុមការងារបច្ចេកទេសទាំងបីមាន ៖
១. ក្រុមការងារគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ
២. ក្រុមការងារគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ
៣. ក្រុមការងារគយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុក
យន្តការភាពជាដៃគូគយ-ផ្នែកឯកជន ជាយន្តការសម្របសម្រួលឲ្យមានកិច្ចសហការ និងការយោគយល់គ្នាទៅវិញទៅមក រវាងរដ្ឋបាលគយនិងផ្នែកឯកជនពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់បញ្ហាពាក់ព័ន្ធ នឹងគយឲ្យអស់លទ្ធភាពជាមុន មុននឹងឈានទៅដោះស្រាយកម្រិតអន្តរក្រសួង ឬដាក់ជូនវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
នេះគឺជាកត្តាមួយ ដ៏សំខាន់ក្នុងការធានានូវប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយនៃកិច្ចសម្រួល ពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តយន្តការភាពជាដៃគូគយ និងផ្នែកឯកជនប្រកបដោយប្រសិទ្ធភាព តម្រូវឲ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយ នូវរាល់បាតុភាពអសកម្ម ដែលនាំឲ្យកំណើនសេដ្ឋកិច្ចជាតិមិនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕