លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ រួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

0

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអះអាងថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិដ៏មានប្រសិទ្ធភាព។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លើកទី១១ នៅថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២០ ដែលបានប្រារព្ធធ្វើនៅទីក្រុងម៉ាកាវសាធារណរដ្ឋប្រជាមានិតចិនបានលើកឡើងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពីព្រោះវាជាកត្តាដែលនាំឱ្យមានការបង្កើតនូវឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានាក្នុងតំបន់ផងដែរ។

- Video Advertisement -

ជាមួយគ្នានោះផងដែរ លោកបានបញ្ជាក់ថា “បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា កំពុងប្រឈមនឹងតម្រូវការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ពោលគឺតម្រូវឱ្យស្វែងរកប្រភពហិរញ្ញប្បទានពីបណ្តាដៃគូអភិវឌ្ឍនានារួមមានដូចជា គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” “ខ្សែក្រវ៉ាត់សេដ្ឋកិច្ចនៃវិថីសូត្រ” “វិថីសូត្រតាមផ្លូវសមុទ្រនៅសតវត្សទី២១” ហើយលើសពីនេះទៀត ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិន (Asian Infrastructure Investment Bank-AIIB) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ”។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននិងកំពុងបណ្តាក់ទុនវិនិយោគយ៉ាងច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ជាពិសេស ក្រៅពីរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មកំពូលប្រចាំប្រទេស និងជាប៉ូលសេដ្ឋកិច្ចទី១ គឺមានការវិនិយោគនៅប៉ូលសេដ្ឋកិច្ចទី២ និងទី៣ ដែលរួមមានខេត្តព្រះសីហនុស្ថាបនាផ្លូវចំនួន៣៤ខ្សែ ដែលចំណាយប្រមាន២០០លានដុល្លារ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅត្រឹមដើមឆ្នាំ២០២១ បន្ថែមពីលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ការវិនិយោគនៅខេត្តសៀមរាបក៏សាងផ្លូវចំនួន៣៨ខ្សែ គ្រោងចំណាយថវិកា ១៥០លានដុល្លារ ដែលទើបបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះ ក្រៅពីគម្រោងសាងសង់ផ្លូវជាតិលេខ៣ ដែលនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ សម្រាប់ឆ្នាំ២០២១ គម្រោងអាទិភាពនៃការសាងសង់ និងស្ថាបនាផ្លូវជាតិសំខាន់ៗរួមមានចំនួន៣ទៀត គឺផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here