ដោយៈវុត្ថា
ភ្នំពេញៈ គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ពោធិសាត់មកកានក់ខេត្កោះកុង សម្រេចបានប្រមាណជិត៤០ភាគរយហើយ រហូតមកដល់ពេលនេះ ខណៈដែលក្រុមហ៊ុនកំពុងតែពន្លឿនការសាងសង់ និងដោះស្រាយផលប៉ះពាល់។
លោកសុខ សុទ្ធី អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០២០នេះ ឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរពាក់ព័ន្ធបាន និងកំពុងដោះស្រាយផលបះពាល់ឱ្យនៅតិចបំផុត ចំពោះគម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ ខណៈដែលគម្រោងនេះ មានផលប៉ះពាល់ ចំពោះចំការកៅស៊ូរបស់ប្រជាពលរដ្ឋមួយចំនួន ២០ទៅ២៥ភាគប៉ុណ្ណោះ ។
លោកបន្តថា ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជាង១៩៨ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន និងត្រូវបានប្រកាសបើកការដ្ឋានកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០កន្លងមកនេះ។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានឱ្យដឹងថា ផ្លូវជាតិលេខ១០នេះ នឹងត្រូវសាងសង់ស្របទៅតាមស្តង់ដារ ផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ ដែលនឹងត្រូវប្រើរយៈពេលសាងសង់៤៨ខែ គិតចាប់ខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣ ។
ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៧១គីឡូម៉ែត្រ គិតចាប់ពីតំបន់វាលវែងខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តបាត់ដំបង ស្រុកសំឡូត និងបន្តឆ្ពោះទៅកាន់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ផ្លូវជាតិមួយខ្សែនេះ គឺមានសារៈសំខាន់បំផុត សម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសបម្រើដល់វិស័យដឹកជញ្ជូនរវាងខេត្តទាំង៣ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ហើយក៏អាស្រ័យផល និងផ្តល់ភាពងាយស្រួលដល់ខេត្តជិតខាងមួយចំនួនទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ថា បើទោះបីជាវិបត្តិសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីជំងឺឆ្លង Covid-19 យ៉ាងណាក៏ដោយ វាមិនមែនជាឧបសគ្គរបស់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាស ម្ព័ន្ធនៅទូទាំងប្រទេសនោះទេ។ ផ្ទុយទៅវិញនៅក្នុងកាលៈទេសៈនេះ កម្ពុជាបានព្យាយាមជំនះ និងធ្វើពិពិធកម្មក្នុងវិស័យសំខាន់ៗ មួយចំនួនឱ្យកាន់តែមានភាពរីកចម្រើន និងល្អប្រសើរថែមមួយកម្រិតទៀត៕