ភ្នំពេញ៖ ការវិនិយោគសាងសង់ព្រលានយន្តហោះ និងលំនៅដ្ឋានមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកំពង់ផែទឹកជ្រៅថ្មីមួយ ពីសំណាក់ក្រុមហ៊ុនTianjin Union Development Group (TUDG) នឹងធ្វើឲ្យទឹកដីខេត្តកោះកុងកាន់តែមានការីកចម្រើនលឿនថែមទៀត។
ស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia លោកលាងគង់ យិនបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃអាទិត្យទី២៧ ឧសភានេះថា ហេដ្ឋារចនាសម្ព័ន្ឋពិតជាវិស័យស្នូលមួយ ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា ព្រោះពេលរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនចាប់ផ្តើមសាងសង់នៅតំបន់ណាសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនឹងកើនឡើងនៅតំបន់នោះជាស្វ័យប្រវត្តិ។ជាក់ស្តែងព្រលានយន្តហោះថ្មីនេះ នឹងផ្តល់ជម្រើសការធ្វើដំណើរ និងការតភ្ជាប់ផ្លូវអាកាសនៅកម្ពុជា និងថ្នាក់តំបន់កាន់តែមានសភាពរសរវើកថែមទៀត។
លោកបន្តថា “ជាក់ស្តែងតម្លៃដីធ្លីនៅខេត្តកោះកុង បាននិងកំពុងឡើងថ្លៃរួចទៅហើយ ដោយសារគំរោងវិនិយោគនានា ពិសេសគំរោងវិនិយោគរបស់អ្នកវិនិយោគមកពីប្រទេសចិន”។លោកបន្តថា “ខេត្តកោះកុងមានសក្តានុពលទាំងធនធានធម្មជាតិ និងសេដ្ឋកិច្ច ដោយសារខេត្តនេះមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ដែលធ្វើឲ្យលំហូរពាណិជ្ជកម្ម ទេសចរណ៍ជាមួយប្រទេសនេះ”។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានថ្លែងថា នៅពេលមានសកម្មភាព និងលំហូរភ្ញៀវទេសចរណ៍ទៅដល់ទីណា សកម្មភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មតែងតែកើតឡើងនៅតំបន់នោះ។លោកបន្តថា មានន័យថាទេសចរណ៍ តែងតែនាំមុខសកម្មភាពពាណិជ្ជកម្ម។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងថា ការសាងសង់ព្រលានយន្តហោះនេះ បាននិងកំពុងចាប់ផ្តើមយ៉ាងសកម្ម ប៉ុន្តែការសាងសង់លឿនឬយឺត អាស្រ័យលើល្បឿននៃការអភិវឌ្ឍន៍រមណីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ពួកគេនៅក្នុងស្រុកថ្មបាំង និបុទុមសាគរក្នុងខេត្តកោះកុង។
ក្រុមហ៊ុន Tianjin Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលជាង៥ម៉ឺនហិកតា ដែលគ្របដណ្តប់ស្រុកស្រុកពីររបស់ខេត្តកោះកុង ជាអ្នកសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ។ ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគប្រមាណ៥០០០លានដុល្លារអាមេរិក។
ទោះជាយ៉ាងណាតាមព៌តមានរបស់ក្រុមហ៊ុននេះ នាពេលកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានអនុម័ត នូវគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលវិនិយោគដោយក្រុមហ៊ុនTianjin Union Development Group ជាក្រុមហ៊ុនដែលបាន និងកំពុងវិនិយោគលើរមណីយដ្ឋាន ទេសចរណ៍លំដាប់អន្តរជាតិនៅខេត្តកោះកុង។
តំណាងក្រុមហ៊ុនTainjin Union Development Groupលោកស្រីប៊ែលឡា ហ្សាងបានមានប្រសាសន៍ថា ក្រុមហ៊ុនបាននិងកំពុងសាងសង់ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរបាន១០លាននាក់ក្នុងមួយឆ្នាំ និងអាចចុះចតយន្តហោះខ្នាតធំBoing៣៨០ ហើយក្រុមហ៊ុនបានធ្វើការសិក្សាពីភូមិសាស្រ្ត និងកំណត់ទីតាំងសម្រាប់ព្រលានយន្តហោះនេះរួចហើយ។
បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងដំណើរការគំរោងរមណីយដ្ឋាន លំដាប់ប្រណីតនៅខេត្តកោះកុងរួចហើយ ដែលរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ភោជនីយដ្ឋាន ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិជាដើម៕