ដោយ រ៉ាណេត
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសថ្មីមួយស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ សំដៅធានាប្រសិទ្ធិភាពនៃការគ្រប់គ្រង និងការអនុវត្តន៍ ត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងជំរុញឱ្យអ្នកអភិវឌ្ឍគោរពតាមផ្លូវច្បាប់។
តាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ ដែលបានចេញកាលពីកន្លងមកនេះបានឱ្យដឹងថា ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ទទួលបានផលប្រយោជន៍សំខាន់ៗចំនួន៥ រួមមាន ទី១ ធានាប្រសិទ្ធិភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ទី២ ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍ រវាងអ្នកអភិវឌ្ឍន៍ រវាងអ្នកត្រួតពិនិត្យ និងអ្នកប្រើប្រាស់ ទី៣បង្កាទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ។
ទី៤ ធានាចីរភាពនៃការអភិវឌ្ឍអចលនវត្ថុ សំដៅបង្កើនជំនឿទុកចិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទី៥ រួមចំណែកទប់ស្កាត់សកម្មភាព លាងសំអាតប្រាក់ក្នុងវិស័យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ។
នៅក្នុងការគ្រប់គ្រងអាជីវកម្មអចលនវត្ថុនេះផងដែរ ប្រសិនបើម្ចាស់គម្រោងមិនមានអាជ្ញាបណ្ណនោះទេ បញ្ជាក់ថាគម្រោងនោះគឺជាគម្រោងខុសច្បាប់ ហើយសាធារណជនមិនគួរទិញលំនៅឋានពីគម្រោងនោះទេ។ ជាមួយគ្នានេះ នៅពេលដែលលោកអ្នកដែលមានបំណងចង់ទិញ ត្រូវសួររកអាជ្ញាបណ្ណអភិវឌ្ឍអចលនវត្ថុ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដើម្បីកុំឱ្យមានការខាតបង់ប្រយោជន៍៕