កម្ពុជាស្ថិតក្នុងប្រទេសទាំង១០លើពិភពលោកដែលមានផ្ទៃដីអភិរក្សធនធានធម្មជាតិធំជាងគេ

0

ដោយ ៖ រ៉ាណេត

មណ្ឌលគិរី ៖ តាមរយៈរបាយការណ៍ដែលបង្ហាញដោយអង្គការ WWFបានឱ្យដឹងថា រយៈពេល២ទស្សវត្សរ៍មកហើយ ដែល WWF បាននឹងកំពុងធ្វើសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន និងបណ្តាដៃគូដទៃផ្សេងៗទៀត ដើម្បីគ្រប់គ្រង និងថែរក្សាធនធានជីវៈចម្រុះដ៏សម្បូរបែប នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពក លើផ្ទៃដីសរុបប្រមាណ៦០០០គីឡូម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។

លោក សេង ទៀក នាយកអង្គការ មូលនិធិ សកល សម្រាប់ អភិរក្ស ធម្មជាតិ (WWF) បានលើកឡើងថា កម្ពុជាជាប្រទេសទី១០ ដែលមានផ្ទៃដីអភិរក្សធនធានធម្មជាតិធំជាងគេ នៅលើពិភពលោក។
លោកថា ដែនជម្រកសត្វព្រៃទាំងពីរនេះ ជាតំបន់ការពារធម្មជាតិចំនួនពីរ ដែលស្ថិតនៅក្នុងចំណោមតំបន់ការពារផ្សេងទៀត នៃតំបន់ព្រៃទេសភាពខ្ពស់រាបភាគខាងកើត ដោយគ្របដណ្តប់លើផ្ទៃដីសរុបចំនួន២៧,៤៦០គីឡូម៉ែត្រការ៉េ ក្នុងខេត្តរតនគិរី មណ្ឌលគិរី និងក្រចេះ។

- Video Advertisement -

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានផ្ទៃដីអភិរក្សទំហំ ៧លាន ៣សែនហិកតា និងមានទីតាំងចំនួន៦៨កន្លែង ហើយនៅមាន ៦៣កន្លែង ជាតំបន់ការពារធម្មជាតិ សំដោទៅលើដែនជម្រកសត្វព្រៃ ឧទ្យានជាតិ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ប្រើប្រាស់ដោយចីរភាព ព្រមទាំងរបៀងអភិរក្សជីវៈចម្រុះ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ក៏បានគូសបញ្ជាក់ថា សម្រាប់ផ្ទៃដី ៧លាន ៣សែនហិកតា ដែលប្រទេសកម្ពុជាមាន គឺស្មើនឹង៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា។ បន្ថែមពីនេះ បើនិយាយពីគម្របព្រៃឈើកម្ពុជា នៅសល់៤៦,៨៦ភាគរយ គឺប្រមាណជាង ៨លានហិកតា។

លោក នេត្រ ភក្ត្រា បានលើកឡើងថា ទស្សនកិច្ចនេះ ធ្វើឡើងស្របតាមគោលការណ៍របស់ក្រសួងបរិស្ថាន ដើម្បីលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយនិង សារព័ត៌មាននៅកម្ពុជា ក្នុងការបន្ត និងបង្កើនការផ្សព្វផ្សាយរបស់ខ្លួនស្តីពីប្រធានបទបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីផ្តល់នូវព័ត៌មាន និងចំណេះដឹងឱ្យបានដល់ប្រជាជនគ្រប់ស្រទាប់ទាំងអស់ នៅក្នុងសង្គមកម្ពុជា និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើសត្វព្រៃដែលកម្ពុជា មានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here