ដោយៈសុខុម
ហាណូយ: រដ្ឋាភិបាលនៃប្រទេសវៀតណាមប្រកាសថា ខ្លួនបានផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនបច្ចេកវិទ្យា Foxconn របស់កោះតៃវ៉ាន់ សម្រាប់គម្រោងសាងសង់រោងចក្រមួយ ដែលនឹងចំណាយអស់ទឹកប្រាក់២៧០លានដុល្លារ ដើម្បីផលិតកុំព្យូទ័រយួរដៃ (laptop) និងថេប្លែត (tablet)។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងថ្ងៃនេះ។
រដ្ឋាភិបាលវៀតណាម បានចេញលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ លើគេហទំព័ររបស់ខ្លួនថា ពេលសាងសង់រួចរាល់ជាស្ថាពរ រោងចក្រដែលនឹងត្រូវសាងសង់ ដោយក្រុមហ៊ុនចិនFukang Technology នេះនឹងមានទីតាំង ស្ថិតនៅក្នុងខេត្តភាគខាងជើង Bac Giang ហើយនឹងមានសមត្ថភាពផលិតកុំព្យូទ័រយួរដៃ និងថេប្លែតបានរហូតដល់ទៅ៨ លានគ្រឿងក្នុងមួយឆ្នាំ។
ក្រុងហាណូយបញ្ជាក់ថា រហូតមកទល់ពេលនេះ ក្រុមហ៊ុន Foxconn បានបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់សរុប១,៥ពាន់លានដុល្លារ ហើយមានផែនការបង្កើនការវិនិយោគរបស់ខ្លួនចំនួន៧០០លានដុល្លារទៀត ព្រមទាំងគ្រោងជ្រើសរើសបុគ្គលិកក្នុងស្រុកចំនួន១០.០០០ នាក់ទៀតផងនៅឆ្នាំនេះ។
ដោយឡែកប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានចុះផ្សាយកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុនFoxconn ក៏កំពុងសម្លឹងរកឱកាសបោះទុនវិនិយោគ១,៣ពាន់លានដុល្លារ នៅក្នុងខេត្ត Thanh Hoa ដែលស្ថិតនៅចម្ងាយប្រមាណ១៦០គីឡូម៉ែត្រ នាភាគខាងត្បូងក្រុងហាណូយផងដែរ។
ប្រភពមួយបានទម្លាយឱ្យដឹងកាលពីខែវិច្ឆិកាឆ្នាំមុនថា ក្រុមហ៊ុនFoxconn មានគម្រោងរើរោងចក្រដំឡើងiPad កុំព្យូទ័រMacBook មួយចំនួនពីប្រទេសចិន មកកាន់ប្រទេសវៀតណាម តាមសំណើរបស់ក្រុមហ៊ុន Apple Inc ស្របពេលក្រុមហ៊ុនអាមេរិក មួយនេះព្យាយាមធ្វើពិពិធកម្មផលិតកម្ម (ផលិតឱ្យសម្បូរបែប) ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយសារភាពតានតឹង ក្នុងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុន Foxconn បានបដិសេធមិនឆ្លើយបំភ្លឺទេជុំវិញបញ្ហានេះ៕