អ្នកជំនាញ៖ រយៈពេល ៥-១០ឆ្នាំ​ខាងមុខ អ្នកធ្វើការ​ក្នុង​ទីក្រុង​ភ្នំពេញ​នឹងត្រូវ​បង្ខំចិត្ត ទិញ​ខុន​ដូ​ក្នុង​ក្រុង

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាមួយនឹង​ភាព​រីកចម្រើន និង​ការកើនឡើង​នូវ​ចំនួន​មនុស្ស​ចេញ ចូលក្នុង​ក្រុង​ជា​បន្តបន្ទាប់ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា មិន​លើសពី៥-១០ទៀត​នោះទេ ចំពោះ​អ្នក​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រុងភ្នំពេញ ចាំបាច់​ត្រូវតែ​ទិញ​ខុន​ដូ ដែល​ស្ថិតនៅក្នុង​ក្រុង​សម្រាប់​រស់នៅ ហើយ​វា​ក៏​ជា​ឱកាស​សម្រាប់​ការវិនិយោគ​នៅក្នុង​ទីផ្សារ​មួយ​នេះ​ផងដែរ នៅពេល​បច្ចុប្បន្ននេះ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ YOUNGSIA Real Estate Co.,Ltd លោក Cooler Tan បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ www.propertyarea.asia កាលពី​ល្ងាច​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ថា យ៉ាងយូរបំផុត​នៅត្រឹម​ឆ្នាំ២០៣០ សម្រាប់​អ្នក​ដែលមាន​ការងារ នៅក្នុង​រាជធានី​ភ្នំពេញ ដាច់ខាត​ត្រូវតែ​ទិញ​ខុន​ដូ​មួយ​យូ​នី​ត​ស្ថិតនៅក្នុង​ក្រុង សម្រាប់​រស់នៅ​ដើម្បី​បញ្ចៀស​បញ្ហា និង​ផលប៉ះពាល់​ដល់ពេល​វេលា បំពេញការងារ ខណៈដែល​កំណើន​នៃ​ចំនួន​មនុស្ស និង​ការកកស្ទះ​ចរាចរណ៍​កា​ន់​តែមាន​ភាព​ប្រឈម​ខ្ពស់។

លោក​បញ្ជាក់ថា “ក្នុង​រយៈពេល៥-១០ឆ្នាំ​ទៀត ទីផ្សារ​ខុន​ដូ​នឹងមាន​ប្រជាប្រិយភាព ប្រៀប​ដូច​ទីផ្សារ​លំនៅដ្ឋាន​ផ្ទាល់​ដី​តម្លៃ​សមរម្យ ដែល​ស្ថិតនៅ​តំបន់​ជាយក្រុង​នាពេល​បច្ចុប្បន្ននេះ​ជាមិនខាន” ។ លោក​បន្តថា “ការកើនឡើង​នូវ​ប្រជាប្រិយភាព​នៃ​ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ​នេះ ក៏​ព្រោះតែ​រាជធានី​ភ្នំពេញ កាន់តែ​មានការ​អភិវឌ្ឍ​ផ្នែក​សំណង់ធំៗក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស” ។

មាន​កំណើនប្រជាជន​ចេញចូល រាជធានី​ភ្នំពេញ​ច្រើន ជាង​ពេល​បច្ចុប្បន្ននេះ​ទ្វេដង ដែល​អាច​បណ្តាលឱ្យ​ជំនន់​នៃ​ការកកស្ទះ​ចរាចរណ៍ ត្រូវ​ចំណាយពេល​ច្រើន​ក្នុងការ​ធ្វើដំណើរ​ជាហេតុ ធ្វើឱ្យប៉ះពាល់​ដល់ពេល​វេលា​នៃ​ការបំពេញ​ការងារ។

លោក Cooler Tan បាន​បន្ដថា “យ៉ាងយូរ​នៅត្រឹម​ឆ្នាំ២០៣០ វា​នឹង​ប្រែ​ក្លាយទៅជា​សម័យកាល​មួយ​ដ៏​ក្ដៅគគុក ក្នុងការ​វិនិយោគ​ខុន​ដូ​នៅក្នុង​ទីក្រុង​ភ្នំពេញ ដូច្នេះ​យើង​គួរតែ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការក្តោបក្តាប់​ឱកាស និង​ចាប់ផ្តើម​សម្រេចចិត្ត​វិនិយោគ​ខុន​ដូ​សម្រាប់​ថ្ងៃ​អនាគត ទើប​យើង​អាច​មានឱកាស​ក្លាយជា​អ្នក​ជោគជ័យ និង​ទទួលបាន​ផលប្រយោជន៍​ពី​ទីផ្សារ​ខុន​ដូ​ដែល​កំពុងមាន​ភាព​រីក​ចម្រើន” ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia លោកស្រី​អាន សុធី​តា​បាន​មានប្រសាសន៍​ផងដែរ​ថា ទីផ្សារ​ខុន​ដូ​ត្រូវបាន​គេ​ចែកចេញជា៣កម្រិត រួមមាន​ខុន​ដូ​ប្រភេទ​កម្រិត​សមរម្យ មានតម្លៃ​ប្រមាណ១២០០ ដុល្លារ​ឡើង ខុន​ដូ​កម្រិត​ធ​ម្យ​ម​មានតម្លៃ​ចាប់ពី១៥០០ ទៅ ២៥០០ ហើយ​ខុន​ដូ​កម្រិត​ខ្ពស់ អាចមាន​តម្លៃ​ចាប់ពី៣០០០ដុល្លារ​ឡើងទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោកស្រី​បន្តថា “ចាប់ពី​ឆ្នាំ២០២១នេះ​តទៅ កំណើន​នៃ​ចំនួន​គម្រោង​ខុន​ដូ​នឹង​បន្ត​កើន​ឡើងជា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៅក្នុង​ស្រុក ព្រោះ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន ជាពិសេស​អ្នករស់នៅ​ក្នុង​ក្រុង បាន​ចាប់អារម្មណ៍​ខ្លាំង និង​ដឹង​ពី​អត្ថប្រយោជន៍​របស់​ខុន​ដូ” ។ លោកស្រី​បន្ថែមថា “អតិថិជន​ក្នុងស្រុក​ដែលជា​ជនជាតិខ្មែរ​ភាគច្រើន គឺ​គាត់​ទិញ​ខុន​ដូ​កម្រិត​សមរម្យ ឬ​កម្រិត​មធ្យម ប៉ុន្តែ​សម្រាប់​ខុន​ដូ​កម្រិត​ខ្ពស់ ដែលមាន​តម្លៃ​ចាប់ពី៣០០០ ដុល្លារ​ឡើង​ក្នុង​ម៉ែត្រការ៉េ  គឺ​ជនបរទេស​ចាប់អារម្មណ៍​វិនិយោគ​ច្រើន ហើយ​ភាគច្រើន​គឺជា​ជនជាតិ​ចិន” ។

និយាយ​ជារួម​ទីផ្សារ​ខុន​ដូ​នៅក្នុង​ប្រទេស​កម្ពុជា នៅតែមាន​ទីផ្សារ​ល្អប្រសើរ តាមរយៈ​កិច្ចសហការ ជាមួយ​ធនាគារ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដែល​កាន់តែ​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban Living Solution កាលពីពេលថ្មីៗនេះ​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ២០៣០ខាងមុខ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​នឹង​កើនឡើង​ដល់៤,៥ ទៅ៥លាន​នាក់ ដែល​កំនើន​ប្រជាសាស្ត្រ​នេះ​នឹង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​តាម​ខុន​ដូ​កាន់តែច្រើន ដោយសារ ទី១ ការកកស្ទះ​ចរាចរណ៍​កាន់តែខ្លាំង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុងការ​ធ្វើដំណើរ ទី២ តម្លៃ​អចលនទ្រព្យ ពិសេស​លំនៅដ្ឋាន​ក្នុង​ទីក្រុង​ឡើងថ្លៃ​ខ្ពស់ ដែល​ប្រជាជនមាន​ជីវភាព​មធ្យម​មិនអាច​ទិញ​បាន ប៉ុន្តែ​ពួកគេ​អាច​ទិញ​ខុន​ដូ​រស់​នៅបាន និង​មាន​ទីតាំងនៅ​កណ្តាល​ក្រុង ជិត​កន្លែងធ្វើការ​រប​ស់​ពួកគេ និង​ទី៣ ការរីកចម្រើន​បច្ចេក​វិទ្យា នឹង​ផ្តល់​ឲ្យ​គុណភាព​ជីវិត​កាន់តែ​ប្រសើរ​ជាង​មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here