ដោយស៊ីវ ម៉េង
ភ្នំពេញៈ កត្តាហេដ្ឋារចនាសម្ព័ន្ឋនឹងកំណត់ពីតម្លៃ និងល្បឿននៃការអភិវឌ្ឍភាគខាងកើតរាជធានីភ្នំពេញ ដែលបច្ចុប្បន្នតំបន់នេះត្រូវបានសេដ្ឋី ឧកញ៉ា អ្នកឧកញ៉ានានាបានទិញដីទុករួចហើយ។

ដោយស៊ីវ ម៉េង
ភ្នំពេញៈ កត្តាហេដ្ឋារចនាសម្ព័ន្ឋនឹងកំណត់ពីតម្លៃ និងល្បឿននៃការអភិវឌ្ឍភាគខាងកើតរាជធានីភ្នំពេញ ដែលបច្ចុប្បន្នតំបន់នេះត្រូវបានសេដ្ឋី ឧកញ៉ា អ្នកឧកញ៉ានានាបានទិញដីទុករួចហើយ។

ខណៈពេលវេលានៃការរង់ចាំ នឹងមកដល់នាពេលខាងមុខ ស្របពេលគំរោងស្ពានបាននិងកំពុងសិក្សា ដូចជា ស្ពានតភ្ជាប់រវាងតំបន់ជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ និងស្ពានតភ្ជាប់រវាងទីក្រុងកោះនរា តភ្ជាប់ទៅតំបន់អរិយក្សត្រនឹងធ្វើឡើង ក្នុងរយៈពេលបីទៅ៥ឆ្នាំខាងមុខ តំបន់ភាគខាងកើតរាជធានីភ្នំពេញ កំពុងមានសកម្មភាពអភិវឌ្ឍន៍យឺតៗ ដោយអ្នកវិនិយោគ ក្នុងស្រុករង់ចាំតែសម្តេចប្រមុខរដ្ឋាភិបាល ប្រកាសសាងសង់ស្ពាន គំរោងនានានឹងលេចរូបរាងឡើង។
ខណៈគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣កំពុងសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី៤ ក៏បាននិងកំពុងសិក្សាលំអិត ដែលផ្លូវនេះនឹងពង្រីកសក្តានុពល និងការអភិវឌ្ឍនៅតំបន់ភាគខាងកើតក្រុងភ្នំពេញយ៉ាងរសរវើកផងដែរ។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៨ មករាកន្លងមកថា ពិតណាស់ ហេដ្ឋារចនាសម្ព័ន្ឋបានបង្កើតតម្លៃ និងបង្កើនតម្លៃអចលនទ្រព្យ ពិសេសវាបានបន្ថែមនូវគុណតម្លៃសម្រាប់តំបន់់ណាមួយ ដែលនិន្នាការនេះបានរីកចម្រើន និងមានភាពលេចធ្លោនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា វៀតណាម ឡាវជាដើម។
លោកបន្តថា “អ្នកអភិវឌ្ឍន៍បានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការបង្កើតតម្លៃបន្ថែមសម្រាប់តំបន់មួយ ហើយធ្វើឲ្យតំបន់នោះអាចមានការអភិវឌ្ឍលឿន ឬយឺតអាស្រ័យលើគំរោងរបស់ពួកគេ និងផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល។លោកបន្តថា “បច្ចុប្បន្ននេះ វិស័យឯកជនបានដើរលឿនជាងរដ្ឋាភិបាល លើការអភិវឌ្ឈ ដោយសារកត្តាប្រជាសាស្ត្រ ការរីកចម្រើនផ្នែកនគរូបនីយកម្ម និងការរីកចម្រើននៃសេដ្ឋកិច្ចសង្គម” ។
លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា នៅកម្ពុជាតម្លៃដីធ្លី និងសកម្មភាពអភិវឌ្ឍន៍រីកចម្រើនលឿន មួយផ្នែកគឺដោយសារការសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល កត្តាសន្តិភាព និងការរីកចម្រើនសេដ្ឋកិច្ចជាតិ។

លោកស្រីបន្តថា យ៉ាងណាបើនិយាយពីលំហូរទុនវិនិយោគពីខាងក្រៅ ក៏ជាផ្នែកមួយជួយជម្រុញកំនើនតម្លៃអចលនទ្រព្យ និងជម្រុញល្បឿននៃការអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ ប៉ុន្តែលំហូរទុនមកពីក្រៅប្រទេសនៅឆ្នាំនេះ កើនឡើងច្រើនឬតិច អាស្រ័យលើស្ថានភាពជំងឺកូវីដ១៩ថា អាចមានភាពល្អប្រសើរនាពេលណា ហើយវ៉ាក់សាំងនឹងត្រូវចែកបាយបានលឿនកម្រិតណា៕
