ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានតម្លៃ ៨៨៤ លានដុល្លារគិតត្រឹមខែធ្នូ ឆ្នាំ២០២០ មានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំចំនួន ១៤ ភាគរយ ខណៈដែលកាលពីឆ្នាំ២០១៩ទំហំពាណិជ្ជកម្មបានឈានដល់ប្រមាណ១០០០លានដុល្លារ។
តួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េបានបង្ហាញថាចាប់ពីខែមករាដល់ខែធ្នូឆ្នាំ ២០២០ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៣១៧ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូងដែលធ្លាក់ចុះ ១៨ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។
ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជាបាននាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងដែលមានតម្លៃ ៥៦៧ លានដុល្លារធ្លាក់ចុះ ៥ ភាគរយ។
ប្រឈមនឹងកំណើនពាណិជ្ជកម្មទ្វេភាគីធ្លាក់ចុះនៅឆ្នាំ ២០២០ ប្រទេសទាំងពីរបានបង្ហាញក្តីសង្ឃឹមខ្ពស់នៃកំណើនពាណិជ្ជកម្មលើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍កាលពីពេល ថ្មីៗនេះថា ភាគីទាំងពីរនឹងបញ្ចប់សេចក្តីព្រាងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលឆាប់ៗនេះហើយ ដោយរំពឹងថាប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងឆ្នាំ២០២១នេះ។
សម្រាប់ផលិតផលរបស់ប្រទេសកម្ពុជាដែលនាំចេញទៅកូរ៉េខាងត្បូងភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់សម្រាប់ឧបករណ៍អេឡិចត្រូនិច និងផលិតផលកសិកម្មុំ ចំណែកឯ ការនាំចូលពីកូរ៉េខាងត្បូងរួមមានយានយន្ត អេឡិចត្រូនិច ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិច។