ជប៉ុនផ្តល់ជំនួយលើគម្រោងចំនួន៦៤១ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ៦៣លានដុល្លារ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយ ក្រោមគម្រោងជំនួយឥតសំណងគូសាណូណិរបស់ជប៉ុនចំនួន៦៣លានដុល្លារ លើគំរោងចំនួន៦៤១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញរបស់កម្ពុជា។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា លោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានមានប្រសាសន៍នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅកម្ពុជាតាំងពីឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួន ដូចជា ភាពក្រីក្រ និងភាពអកុសលនានា ដែលអាចគំរាមកំហែងដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូរ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

លោកបានបន្តថា ឆ្នាំ២០២០ ក្រោមគំនិតផ្តួចផ្តើមគូសាណូណិមេគង្គ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានទឹកប្រាក់សរុប៩១លានដុល្លារអាមេរិក រដ្ឋាភិ​បាលជប៉ុននឹងបន្ត គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅតាមភូមិស្រុកថ្នាក់មូលដ្ឋានទូទាំងតំបន់មេគង្គ។

ដោយឡែកជាការបំពេញបន្ថែមទៅលើការផ្តល់ជំនួយនៅកម្ពុជា រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយគិតជាថវិកាចំនួន២២៧,៧៣៦ដុល្លារ សម្រាប់ការធ្វើឱ្យប្រសើរទ្បើងនូវសមត្ថភាពពន្លត់អគ្គីភ័យ តាមរយៈការផ្តល់រថយន្តពន្លត់អគ្គីភ័យជូនរាជធានីភ្នំពេញ។ រថយន្តពន្លត់អគ្គីភ័យ ដែលបំពាក់ដោយកាំជណ្ដើរកម្ពស់៤០ម៉ែត្រចំនួនមួយគ្រឿង សម្រាប់ដាក់ឱ្យប្រើប្រាស់នៅរាជធានីភ្នំពេញ ព្រមទាំងរថយន្តពន្លត់អគ្គីភ័យ ដែលបំពាក់ដោយសា​រធាតុគីមីចំនួនមួយគ្រឿង និងឡានបូមទឹកពន្លត់អគ្គីភ័យចំនួនពីរគ្រឿងទៀត ដែលនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនសមត្ថភាពពន្លត់អគ្គីភ័យ។

តំណាងរដ្ឋាភិបាលកម្ពុជា លោកឃួង ស្រេងបានសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបានជប៉ុន ដែលជាដៃគូអភិវឌ្ឍន៍យ៉ាងជិតស្និទ្ធជាមួយកម្ពុជា ហើយតែងតែយកចិត្តទុកដាក់ជាមួយកម្ពុជា ក្នុងកិច្ចអភិវឌ្ឍទាំងវិស័យសេដ្ឋកិច្ច ធនធានមនុស្ស ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាដៃគូ។

បន្ថែមពីនេះ លោកក៏បានស្នើសុំដៃគូអភិវឌ្ឍន៍ជប៉ុន ជួយផ្សព្វផ្សាយពីសក្ដានុពល និងឱកាសវិនិយោគពីកម្ពុជា ដើម្បីកៀងគរអ្នកវិនិយោគជប៉ុន មកកាន់កម្ពុជាបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here