ដោយៈ រ៉ាណេត
ភ្នំពេញៈ បន្ទាប់ពីទទួលរងនូវសម្ពាពីវិបត្តិសេដ្ឋកិច្ចសាកល កាលពីឆ្នាំ២០២០កន្លងទៅនេះ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា សម្រាប់ឆ្នាំ២០២១នេះទីផ្សាររួមមួយនេះ ជាពិសេសទីផ្សារជួលអគារការិយាល័យ នឹងវិលត្រឡប់មករកភាពល្អប្រសើរវិញជាបណ្តើរៗ ខណៈដែលស្ថានភាពប្រឈមត្រូវបានកាត់បន្ថយ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Coldwell Banker Cambodia លោក Ken Lo បានមានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះថា ទីផ្សារជួលអគារការិយាល័យ ដែលទទួលរងនូវផលប៉ះពាល់ពីសម្ពាធ នៃសេដ្ឋកិច្ចពិភពលោក ចាប់តាំងពីដើមឆ្នាំ២០២០មកនោះ អាចនឹងចាប់ផ្តើមវិលទៅរកភាពល្អប្រសើរឡើងវិញជាបណ្តើរៗឡើងវិញហើយ។
លោកបានបន្តថា “ទីផ្សារជួលអគារការិយាល័យនៅកម្ពុជា ទើបតែមានតម្រូវការខ្ពស់កាលពីប្រមាណ២-៣ឆ្នាំមុន ខណៈដែលសេដ្ឋកិច្ចកម្ពុជាមានកំណើនល្អ សន្ទុះនៃការធ្វើពាណិជ្ជកម្ម ក៏ដូចជាសកម្មភាពនៃការវិនិយោគ អភិវឌ្ឍន៍នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យមានការកើនឡើងខ្លាំង”។លោកបន្តថា “ប៉ុន្តែទីផ្សារមួយនេះបានធ្លាក់ចុះវិញចាប់តាំងពីដើមឆ្នាំ២០២០ ដែលបណ្តាលមកពីវិបត្តិសាកល ហើយក្នុងនោះក៏មានវិស័យផ្សេងៗជាច្រើនទៀតធ្លាក់ចុះដូចគ្នា”។
នៅពេលដែលកំណើនសេដ្ឋកិច្ចមានការកើនឡើង ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅក្នុងវិស័យផ្សេងៗ មានស្ថានភាពល្អប្រសើរនោះ វានឹងអំណោយផលដល់វិស័យអចលនទ្រព្យដូចគ្នា ក្នុងនោះតម្រូវការទីផ្សារជួលអគារការិយាល័យក៏មានខ្ពស់ ប៉ុន្តែនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ វាក៏ទទួលរងនូវផលប៉ះពាល់ផងដែរ។
លោក Ken Lo បានមានប្រសាសន៍បញ្ជាក់ថា “ឆ្នាំ២០២១នេះ ខ្ញុំមានជំនឿថា ទីផ្សារអចលនទ្រព្យ ដែលរាប់បញ្ចូលទាំងតម្រូវការជួលអគារការិយាល័យ នឹងចាប់ផ្តើមមានកំណើនឡើងវិញ បន្ទាប់ពីស្ថានភាពប្រឈមនឹងជំងឺឆ្លងត្រូវបានកាត់បន្ថយ ជាពិសេសក្រោយពេលវ៉ាក់សាំងត្រូវបានចាក់ការពារទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់នៅតាមបណ្តាប្រទេសនានាទូទាំងសាកល”។ លោកបន្តថា “ខ្ញុំគិតថា ប្រសិនបើការប្រើប្រាស់វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ យ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២១ខាងមុខនេះ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងងាកទៅរកស្ថានភាពល្អប្រសើរឡើងវិញ ដោយផ្តើមចេញពីទីផ្សារក្នុងស្រុកមុនពេលអ្នកនៅក្រៅស្រុកវិលមកកម្ពុជាវិញ”។
លោកបានបញ្ជាក់ឱ្យដឹងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងមានភាពល្អប្រសើរឡើងវិញ ក្នុងល្បឿនលឿនជាងបណ្តាប្រទេសជិតខាងមួយចំនួន ដោយសារតែកម្ពុជាមានអំណោយផល ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលអាចទាក់ទាញបណ្តាក្រុមហ៊ុនអន្តរជាតិ ឱ្យចូលមកកាន់កម្ពុជាកាន់តែច្រើន។
បន្ថែមពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសកូរ៉េ ជប៉ុន ឥណ្ឌា និងបណ្តាប្រទេសផ្សេងៗមួយចំនួន ដែលបច្ចុប្បន្នកំពុងបន្តដំណើរការចរចា និងអាចសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ។ ទាំងអស់នេះគឺជាលក្ខណៈសម្បត្តិដ៏ល្អរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគកាន់តែច្រើន។ នៅពេលមានកំណើនវិនិយោគ ទាំងសេដ្ឋកិច្ចជាតិ ទាំងទីផ្សារអចលនទ្រព្យ ក៏នឹងរីកចម្រើនដូចគ្នា ហើយក្នុងតម្រូវការទីផ្សារអគារសម្រាប់ធ្វើការរិយាល័យ ធ្វើជាទីតាំងក្រុមហ៊ុនប្រតិបត្តិការក៏មានកំណើនដូចគ្នាផងដែរ។លោកKen Loបញ្ជាក់ឲ្យដឹង៕
Thank to Peace !!
A good Website Thank you so much for News
I am Support you and Shearing alls the time feeling free with you dear!.