ដោយស៊ីវ ម៉េង
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណៈការកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមការងារជំនាញខាងភាគីកម្ពុជា ដែលត្រៀមធ្វើការជាមួយភាគីកូរ៉េលើការសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េបានរៀបចំរួចរាល់ហើយ។
លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៩ មករានេះថា បច្ចុប្បន្នភាគីកម្ពុជាបានរៀបចំក្រុមការងារ ដើម្បីធ្វើការជាមួយភាគីកូរ៉េរួចហើយ។ បច្ចុប្បន្នយើងកំពុងរង់ចាំតែភាគីកូរ៉េមកប៉ុណ្ណោះ ប៉ុន្តែយើងមិនទាន់ដឹងថាអ្នកជំនាញកូរ៉េ នឹងអញ្ជើញមកនាពេលណាទេ ដោយសារពេលនេះកំពុងមានស្ថានភាពកូវីដ១៩មិនទាន់បញ្ចប់។
លោកបន្តថា “ភាគីកូរ៉េបានសិក្សាលើគំរោងស្ពានមិត្តភាពនេះរួចហើយ ហើយបានបញ្ជូនទៅរដ្ឋាភិបាលរបស់ខ្លូន ឬយ៉ាងណាលោកមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែកន្លងមកបានសិក្សាម្តងហើយ”។លោកបន្តថា “ការសាងសង់ស្ពាននិមួយៗ ទាមទារឲ្យមានការសិក្សាម៉ត់ចត់ណាស់ មិនមែនអាចធ្វើលឿនបានតាមចិត្តយើងចង់បាននោះទេ”។
ប្រធានាធិបតីកូរ៉េ លោកម៉ូន ជេអ៊ីនបានប្រកាសនៅក្នុងប្រទេសវៀតណាម កាលពីចុងឆ្នាំ២០២០កន្លងមកថា ប្រទេសកូរ៉េនឹងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េឆ្លងកាត់ទន្លេមេគង្គនាពេលខាងមុខ ដែលការប្រកាសនេះត្រូវបានបន្ទរដោយមន្រ្តីក្រសួងសាធារណៈការកម្ពុជា។
កម្ពុជាបានដាក់ សំណើរបស់ខ្លួនទៅកាន់សាធារណរដ្ឋកូរ៉េ ដើម្បីសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដើម្បីជានិមិត្តរូបនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូកឲតកូរ៉េប្រចាំកម្ពុជា លោក Park Heung Kyeong ធ្លាប់បានថ្លែងថា “មន្ត្រីជាន់ខ្ពស់របស់ប្រទេសកូរ៉េឥឡូវនេះ កំពុងពិនិត្យមើលឯកសារផ្លូវការ ដែលបានដាក់ដោយកម្ពុជា បន្ទាប់ពីមានសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ។ លោកបានបន្ថែមថា “រដ្ឋាភិបាលកូរ៉េបច្ចុប្បន្នកំពុងពិនិត្យមើលតំបន់ជ្រោយចង្វារ-ស្វាយជ្រុំ ហើយប្រសិនបើគម្រោងនេះត្រូវបានអនុម័ត វានឹងក្លាយជានិមិត្តរូបថ្មីនៃចំណងការទូតរវាងកម្ពុជា និងកូរ៉េ។ កម្ពុជាមានស្ពានមិត្តភាពមួយចំនួនជាមួយចិន និងជប៉ុន ដូច្នេះរដ្ឋាភិបាលកូរ៉េកំពុងពិចារណាយ៉ាងខ្លាំង ចំពោះសំណើនេះ៕