ដោយស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញផ្នែកដីធ្លីលោកកាង សុធី អគ្គនាយកក្រុមហ៊ុន Century21 Land Stations បាននិយាយថា ការវិនិយោគដីធ្លី បើទិញខុសទីតាំងមិនត្រឹមតែមិនងាយទទួលបានផលចំណេញនោះទេ តែអាចជាប់គាំាំងលុយច្រើនឆ្នាំនៅតំបន់នោះទៀតផង។
លោកបានបន្តដោយបង្ហើបឲ្យដឹងថា ដីដែលអ្នកជំនាញឲ្យអ្នកវិនិយោគគួរប្រុងប្រយ័ត្នមានលើសណ្ឋាននិងទីតាំងមួយចំនួន ដែលអ្នកវិនិយោគមិនគួរទិញមានដូចជា
ទី១ ជិតផ្នូរខ្មោច
លោកកាង សុធីបានពន្យល់ថា ទោះបីជាពេលនៅរស់ មានមនុស្សស្រលាញ់រាប់អានច្រើនក្តី ប៉ុន្តែពេលស្លាប់ទៅ គេតែងតែខ្លាចរអា និងមិនសូវចូលជិត និងចង់រស់នៅជិតនោះឡើយ។ ដែលអារម្មណ៍បែបនេះ តតែងតែកើតមានជាទូទៅនៅកម្ពុជា ក៏ដូចជាប្រជាជាតិនានានៅលើពិភពលោក។
២ ដីដែលស្ថិតនៅជិតវត្តអារ៉ាម
បើទោះបីជាវត្តអារ៉ាម ជាកន្លែងដែលមនុស្សចូលចិត្តទៅក្តី និងតែងតែជាទីគោរពបដិបត្តិរបស់ប្រជាពលរដ្ឋក៏ដោយ ក៏អ្នកមានដីជាប់របងវត្តពិបាករកម៉ូយទិញផងដែរ ព្រោះពួកគេមានអារម្មណ៍រំខានពីការសូត្រធ៌ម ពេលបុណ្យទានម្តងៗ ពិសេសពេលបុណ្យភ្ជុំបិណ្ឌ។
ដីនៅជិតវត្តអារ៉ាម តែងតែពិបាកលក់ ពិបាកចំណេញ និងពិបាករកម៉ូយទិញ ដោយសារអារម្មណ៍ខាងលើនេះ។
៣ ដីមានរូបរាងមិនស្អាត
សណ្ឋានរូបរាងដី ក៏ជាជម្រើសមួយដែរ ដែលអ្នកទិញដីមិនសូវចង់បានឡើយ ព្រោះពួកគេពិបាកក្នុងការរៀបចំផែនការអភិវឌ្ឍ និងសាងសង់លំនៅដ្ឋានផ្សេង។
ដីស្ថិតនៅក្នុងស្ថានភាព និងសណ្ឋានបែបនេះមិនគូរវិនិយោគឡើយ ប្រសិនជាមិនចង់គាំងលុយ។
៤ ដីដែលមានផ្លូវតូច និងទាល់
តាមធម្មតាដីស្ថិតនៅផ្លូវតូច ទាល់ ពិបាករកម៉ូយណាស់ ដោយសារពិបាកធ្វើដំណើរ ពិសេសតំបន់ខ្លះមានដីធំ តែម្ចាស់ស្រលាញ់ដីពេក ពួកគេបានបង្រួមថ្នល់ ដែលសម្បីតែរថយន្តជៀសគ្នាក៏មិនរួច។
គ្មានអ្នកណាចង់រស់នៅលើតំបន់ ដែលមានផ្លូវតូច ទាល់ និងពិបាកធ្វើដំណើរែបបនេះឡើយ។
៥ ដីដែលគ្មានផ្លូវ
អ្នកវិនិយោគខ្លះបានប្រថុយប្រថាន ទិញដីនៅក្រោយគេ ដែលគ្មានផ្លូវចូល ដោយសារតម្លៃថោក ប៉ុន្តែការទិញដីបែបនេះមានហានិភ័យខ្ពស់ណាស់ ព្រោះពេលខ្លះម្ចាស់ដីខាងមុខ បានធ្វើរបងព័ទ្ឋជិត ឬបង្អាប់ម្ចាស់ដីដែលគ្មានផ្លូវ ដើម្បីទិញបានក្នុងតម្លៃទាប។
ហេតុនេះការទិញដីក្នុងតម្លៃទាប ពិតជាមានហានិភ័យខ្ពស់ណាស់ ប្រសិនជាអាចមិនគួរវិនិយោគលើដីបែបនេះទេ៕