ដោយ ៖ រ៉ាណេត
មណ្ឌលគីរី ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បាន និងកំពុងត្រួតពិនិត្យទៅលើការងារចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លី រួមជាមួយនឹងការកសាងផែនការប្រើប្រាស់ដីនៅក្នុងខេត្តមណ្ឌលគីរីដែលជាខេត្តកំពុងមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនជាពិសេសគម្រោងសាងសង់ព្រលានយន្ដហោះក្នុងតំបន់។
ជាមួយនឹងផែនការនៃការរៀបចំផែនការមេក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេស លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការអនុវត្តលើការងារចុះបញ្ជីដីធ្លី កាតដោះស្រាយវិវាទដីធ្លី ជាពិសេសការកសាងផែនការនៃការប្រើប្រាស់ដីនៅក្នុងខេត្តមណ្ឌលគីរីដើម្បីប្រាកដថាមានភាពត្រឹមត្រូវ និងមានលទ្ធផលវិជ្ជមានក្រោការអនុវត្ត។
បច្ចុប្បន្នខេត្តមណ្ឌលគីរីបានក្លាយជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍ពីសំណាក់វិស័យឯកជនជាច្រើន ជាពិសេសផ្តោតសំខាន់ទៅលើវិស័យអចលនទ្រព្យបែបកម្សាន្តដូចជាតំបន់រមណីយដ្ឋានធម្មជាតិបែបកែច្នៃ និងការអភិវឌ្ឍជាផ្ទះលំហែរកាយពីសំណាក់វិនិយោគិនក្នុងស្រុក ក្រោមការសម្លឹងឃើញពីសក្ដានុពលនៃតំបន់ដែលមានអំណោយផលពីធម្មជាតិ ជាពិសេសក្រោយពេលគម្រោងស្ថាបនាព្រលានយន្ដហោះក្នុងតំបន់ដែលកំពុងត្រូវបានចាប់ផ្តើមសិក្សាលម្អិត និងឈានទៅរកដំណើរការសាងសង់នៅក្នុងឆាប់ៗខាងមុខនេះ។
បន្ថែមពីនេះ ខេត្តមណ្ឌលគីរីក៏មានគម្រោងអភិវឌ្ឍន៍ជាច្រើនទីតាំងទៀតក្រោមការរៀបចំ និងគ្រប់គ្រងដោយក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន សហការជាមួយនឹងវិស័យឯកជន ដូចជាគម្រោងសាងសង់ទីចំណតយន្ដហោះលើទឹក និងផែនការនៃការបង្កើតក្រុងរណបបែបទាន់សម័យស្ថិតនៅក្នុងតំបន់អូរាំងក្បែរទីតាំងសាងសង់ព្រលានយន្តហោះផងដែរ ដើម្បីអាចបង្កើនភាពទាក់ទាញលើការវិនិយោគក្នុងវិស័យទេសចរណ៍ពាណិជ្ជកម្មកម្រិតខ្ពស់នៅថ្ងៃអនាគត។
លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងតំបន់កម្សាន្តនៅក្នុងខេត្តមណ្ឌលគីរីបានមានប្រសាសន៍ថា គ្រប់ផែនការ និងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យអនុវត្តរហូតមកដល់ពេលនេះ ដូចជាមិនទាន់មានគម្រោងណាមួយដែលធ្វើមិនបាននោះទេ ផ្ទុយទៅវិញគឺមានតែការអនុវត្តលឿននិងបញ្ចប់មុនផែនការ។
លោកឧកញ៉ាបានបន្តថា “ក្នុងយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចតេជោហ៊ុន សែន គឺតែងទទួលបាននូវភាពជោគជ័យ ជាមួយលទ្ធផលផ្លែផ្កាគួរជាទីមោទន ស្ទើរគ្រប់ផ្នែក ដែលក្នុងនោះមិនថាការបង្កើតក្រវាត់ក្រុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្តក្រុងនៅទូទាំងប្រទេស ក៏ដូចជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ” ។
លោកឧកញ៉ាបន្តថា “ជាក់ស្ដែង នៅត្រឹមដំណាក់កាលនាពេលនេះ យើងឃើញមានវិស័យឯកជនបានបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ធាប់ ទៅលើការវិនិយោគក្នុងវិស័យទេសចរណ៍ដូចជាការបង្កើតតំបន់កម្សាន្ត ការបង្កើតជាបឹងហ្គាឡូជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការទេសចរដែលកើនឡើងយ៉ាងគំហុកនៅក្នុងខេត្តមណ្ឌលគីរីមួយនេះ ហើយទាំងអស់នេះក៏ជាផ្នែកមួយស្ថិតនៅក្នុងផែនការមេរបស់រាជរដ្ឋាភិបាលរួចជាស្រេច” ៕