ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាមួយនឹងការបង្ហាញពីភាពសុទិដ្ឋិនិយមនៅក្នុងទីផ្សារអចលនទ្រព្យបន្ទាប់ពីមានភាពស្ងប់ស្ងាត់នៃស្ថានភាពប្រឈមនឹងវិបត្តិនៅក្នុងប្រទេសកម្ពុជា អ្នកជំនាញនៅក្នុងវិស័យមួយនេះបានលើកឡើងថា នៅក្នុងឆ្នាំ២០២១នេះ តម្រូវការទីផ្សារអចលនវត្ថុចំនួន៣ប្រភេទនឹងមានកំណើនតម្រូវការឡើងវិញ រួមមានទីផ្សារលំនៅដ្ឋានផ្ទាល់ដីតម្លៃសមរម្យ ទីផ្សារខុនដូ និងតម្រូវការទីផ្សារអគារការិយាល័យ។
លោកម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREPIUM Group បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះថា សម្រាប់ទីផ្សារលំនៅដ្ឋានផ្ទាល់ដីតម្លៃសមរម្យហាក់មិនត្រូវទទួលរងនូវសម្ពាធធ្ងន់ធ្ងរដូចបណ្តាទីផ្សារអចលនវត្ថុដទៃទៀតនោះឡើយ ហើយក៏នៅតែមានដំណើរការជាធម្មតា។
លោកបញ្ជាក់ថា “វាមិនសូវទទួលរងនូវផលប៉ះពាល់នោះទេ ដោយសារតែទីផ្សារមួយនេះភាគច្រើនគឺជាតម្រូវការអ្នកនៅក្នុងស្រុក ហើយក្រុមហ៊ុនវិនិយោគ និងអ្នកអភិវឌ្ឍន៍ក៏នៅក្នុងស្រុក ដូច្នេះទីផ្សារមួយនេះអាចគេចផុតពីសម្ពាធនៃវិបត្តិកាលពីឆ្នាំ២០២០។ លោកថា “នៅក្នុងឆ្នាំ២០២១នេះ ខ្ញុំគិតថា គឺកាន់តែមានភាពល្អប្រសើរជាងឆ្នាំចាស់ ដោយសារតែស្ថានភាពនៅក្នុងប្រទេសកម្ពុជាមានភាពធូរស្រាលច្រើន ប្រជាជនចាប់ផ្តើមមានសកម្មភាពចេញប្រកបអាជីវកម្មយ៉ាងមមាញឹកវិញដែលអាចទទួលបានចំណូលស្រដៀងទៅនឹងឆ្នាំ២០១៩ដែរ។ ជាពិសេសសម្រាប់អ្នកដែលមិនទាន់មានលំនៅដ្ឋានកម្មសិទ្ធិ នៅពេលដែលពួកគាត់មានចំណូលគ្រប់គ្រាន់ដែលអាចចំណាយបាន នោះពួកគាត់នឹងគិតពីតម្រូវការលំនៅដ្ឋានសម្រាប់ស្នាក់នៅចាំបាច់របស់ពួកគាត់”។
ស្រដៀងគ្នាទៅនឹងការលើកឡើងពីការរំពឹងទីផ្សារលំនៅដ្ឋាន លោក Ken Lo អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា Coldwell Banker Cambodia ក៏បានមានប្រសាសន៍ពីទីផ្សារអគារការិយាល័យផងដែរថា ទីផ្សារជួលអគារការិយាល័យ ដែលទទួលរងនូវផលប៉ះពាល់ចាប់តាំងពីដើមឆ្នាំ២០២០មកនោះ ក៏អាចនឹងចាប់ផ្តើមវិលទៅរកភាពល្អប្រសើរឡើងវិញជាបណ្តើរៗឡើងវិញនៅក្នុងឆ្នាំ២០២១ ហើយនឹងមានភាពល្អប្រសើរនៅត្រឹមចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២។
លោកបន្តថា “ខ្ញុំគិតថា ប្រសិនបើការប្រើប្រាស់វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ យ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២១ខាងមុខនេះ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងងាកទៅរកស្ថានភាពល្អប្រសើរឡើងវិញ ដោយផ្តើមចេញពីទីផ្សារក្នុងស្រុកមុនពេលអ្នកនៅក្រៅស្រុកវិលមកកម្ពុជាវិញ។ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងមានភាពល្អប្រសើរឡើងវិញក្នុងល្បឿនលឿនជាងបណ្តាប្រទេសជិតខាងមួយចំនួន ដោយសារតែកម្ពុជាមានអំណោយផល ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលអាចទាក់ទាញបណ្តាក្រុមហ៊ុនអន្តរជាតិឱ្យចូលមកកាន់កម្ពុជាកាន់តែច្រើន”។
ជាមួយនឹងការបង្ហាញពីភាពសុទិដ្ឋិនិយមខាងលើនេះ អ្នកជំនាញផ្នែកទីផ្សារខុនដូអ្នកស្រី កែវ សុចិន្តា នាយិកាក្រុមហ៊ុន Reachny Property Co.,Ltd បានមានប្រសាសន៍ថា ចាប់ពីពេលទៅទីផ្សារខុនដូកម្រិតមធ្យម និងកម្រិតសមរម្យនឹងកាន់តែមានភាពល្អប្រសើរជាបន្តបន្ទាប់ដោយសារតែភាគច្រើនអតិថិជនដែលនឹងមានតម្រូវការជាជនជាតិខ្មែរ ព្រោះពួកគាត់ចាប់ផ្តើមបានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍ និងផលចំណេញដែលទទួលបានពីខុនដូ។
អ្នកស្រីបានបន្តថា “ទីផ្សារខុនដូនឹងកាន់តែមានតម្រូវការ ព្រោះក្រៅពីអតិថិជនដែលជាជនជាតិខ្មែររស់នៅក្នុងប្រទេស បន្តិចទៀតក្រោយពេលស្ថានភាពនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺត្រូវបានធ្វើឡើងដោយជោគជ័យក្រោមការប្រើប្រាស់វ៉ាក់សាំងជាសាកល ក្រុមហ៊ុនអន្តរជាតិនានា ក៏ដូចជាជនបរទេសនឹងវិលត្រឡប់មកកាន់កម្ពុជាវិញដើម្បីធ្វើអាជីវកម្ម និងបម្រើការងារក្នុងវិស័យផ្សេងៗ ដែលទាំងអស់នេះក៏ជាចំណែកដ៏ធំមួយនៃទីផ្សារខុនដូផងដែរ ព្រោះជនបរទេសភាគច្រើនចូលចិត្តស្នាក់នៅក្នុងខុនដូ និងអាចទិញជាកម្មសិទ្ធិបាន។ ដូច្នេះតម្រូវការទីផ្សារខុនដូនៅកម្ពុជានឹងមានកំណើនឡើងវិញជាមិនខាន”៕