ប្រធានCVEA: វិស័យអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញរង្វង់៦០ភាគរយនៅឆ្នាំនេះ

0

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ អ្នកជំនាញ បានអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានការងើបឡើងវិញរង្វង់ពី៦០ ទៅ៧០ភាគរយនៅឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០១៩ ដោយសារវ៉ាក់សាំងកូវីដ១៩ មិនទាន់មានច្បាស់លាស់នៅឡើយ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានថ្លែងប្រាប់គេទំព័រ Propertyarea.asia នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ថា ការដោះដូរនៅក្នុងវិស័យអចលនទ្រព្យនៅតែមាន ដែលវាមិនធ្វើឱ្យវិស័យទទួលរងនូវផលប៉ះពាល់ និងវិបត្តិនោះទេ ប៉ុន្តែវាមិនទាន់មានសន្ទុះ ដូចកាលពីឆ្នាំ២០១៩នោះទេ។

- Video Advertisement -

លោកបានថ្លែងថា “វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានការងើបឡើងវិញរង្វង់ពី៦០ ទៅ៧០ភាគរយនៅឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០១៩ ព្រោះវ៉ាក់សាំងកូវីដ១៩ មិនទាន់មានច្បាស់លាស់នៅឡើយ ហើយវាអាចត្រូវការរយៈពេល៥ ទៅ៦ខែទៀត ដើម្បីទទួលបានភាពច្បាស់លាស់អំពីវ៉ាក់សាំងនេះ”។

លោកបានបន្តថា នៅពេលមានវ៉ាក់សាំងកូវីដ១៩ វានឹងកាន់តែផ្តល់ទំនុកចិត្តដល់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីចាប់ផ្តើមបង្កើនការវិនិយោគរបស់ពួកគេ ហើយវិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានសន្ទុះងើបឡើងវិញ ដូចកាលឆ្នាំ២០១៩។

លោកឱ្យដឹងទៀតថា ពាក់ព័ន្ធជាមួយវិស័យអចលនទ្រព្យ យើងឃើញថា បញ្ហាកូវីដ១៩ នៅកម្ពុជា ត្រូវបានធូរស្រាល អ្នកទិញ និងលក់ចាប់ផ្តើមបន្តដំណើរទិញលក់ឡើងវិញ នៅដើមឆ្នាំ២០២១ ហើយភាគច្រើនអ្នកវិនិយោគគឺអ្នកវិនិយោគនៅស្រុក ហើយចំនួនអ្នកវិនិយោគបរទេសនៅមានចំនួនតិចណាស់។

លោកបានឱ្យដឹងទៀតថា “ខ្ញុំមើលឃើញថា អ្វី ដែលជំរុញអ្នកវិនិយោគក្នុងស្រុកចាប់ផ្តើម គឺបញ្ហាកូវីដ១៩ មានធូរស្រាល ដោយសាររដ្ឋាភិបាលគ្រប់គ្រងស្ថានភាពល្អ ហើយរដ្ឋាភិបាល បានជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជានៅខេត្តព្រះសីហនុ និងសៀមរាបជាដើម”។
ការទិញលក់ភាគច្រើន ត្រូវបានធ្វើឡើងនៅទីក្រុងភ្នំពេញ និងខេត្តសក្តានុពល ដែលមានគម្រោងអភិវឌ្ឍន៍ថ្មីៗ។ ខេត្ត ដែលមានសក្តានុពលក្នុងការទិញលក់ មានដូចជា ទី១ គឺខេត្តកណ្តាល ដោយសារមានការអភិវឌ្ឍគម្រោងផ្លូវទី៣ និងទី៤ ទី២កំពង់ស្ពឺ ទី៣ ខេត្តព្រះសីហនុ ទី៤ ខេត្តកំពត ទី៥ ខេត្តសៀមរាប និងទី៦ ខេត្តមណ្ឌលគីរី ដោយសារខេត្តទាំងនេះ នឹងចាប់ផើ្តមមានការអភិវឌ្ឍច្រើននាអនាគត៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here